Connect with us

ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា នឹងបើកទ្វាដើម្បីផ្តល់ឱកាសឱ្យសាធារណជនចូលទស្សនាស្វែងយល់ពីអគារនានារបស់ស្ថានទូត និង ឧទ្យានទំហំ៤,៥ហិចតា

ភ្នំពេញ ៖ ស្ថានទូតបារាំង ប្រចាំកម្ពុជា នឹងប្រារព្ធ «ទិវាបេតិកភណ្ឌ» ជាលើកទី៤នៅថ្ងៃសៅរ៍ ទី២៩ ខែកញ្ញាខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹក ដើម្បីផ្តល់ឱកាសឱ្យសាធារណជនចូលទស្សនាស្វែងយល់ពីអគារនានារបស់ស្ថានទូត រួមទាំងនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូត និងឧទ្យានទំហំ៤,៥ហិចតា ដែលជាលំហបៃតងដ៏ធំជាងគេមួយនៅរាជធានីភ្នំពេញ។


ជាកន្លែងប្រវត្តិសាស្រ្ត ស្ថានទូតបារំាង ស្ថិតនៅទីតាំងដដែលនេះអស់រយៈពេលជាង៦០ឆ្នាំមកហើយ ។ ស្ថានទូត ត្រូវបានជួសជុលឡើងវិញទាំងស្រុងនៅចន្លោះឆ្នាំ១៩៩៣ និង ឆ្នាំ១៩៩៥ ដោយក្រុមហ៊ុនបារាំងមួយដែលបានប្រើប្រាស់រចនាសម្ព័ន្ធអគារចាស់ៗ ដើម្បីបង្កើតជាបណ្តុំអគារថ្មីមួយមានលក្ខណៈសមសួនជាមួយនឹងទេសភាពដ៏ស្រស់បំព្រង ។
នៅក្រោមប្រធានបទ «ទៅប្រទេសបារាំង» ទិវាបេតិកភណ្ឌឆ្នាំនេះនឹងអនុញ្ញាតឱ្យសាធារណជនស្វែងយល់កាន់តែច្បាស់អំពីប្រទេសបារាំង និង ភាពសម្បូរបែបនៃសម្បត្តិបេតិកភណ្ឌរបស់ប្រទេសនេះ ។

បារាំង មិនត្រឹមតែជាគោលដៅទេសចរណ៍ធំជាងគេក្នុងពិភពលោកដោយទទួលបានភ្ញៀវជាង៨០លាននាក់ក្នុងមួយឆ្នាំប៉ុណ្ណោះទេ តែក៏ជាប្រទេសដ៏ធំមួយដែលទទួលនិស្សិតអន្តរជាតិឱ្យទៅសិក្សា។ ទិវាបេតិកភណ្ឌនេះ នឹងជាឱកាសមួយផងដែរក្នុងការស្វែងយល់អំពីសិល្បៈនៃការរស់នៅ និង ជំនាញរបស់បារាំង ដោយមានវត្តមានក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ Christofle។
ផ្តួចផ្តើមឡើងដោយប្រទេសបារាំង ទិវាបេតិកភណ្ឌបច្ចុប្បន្នត្រូវបានប្រារព្ធធ្វើនៅតាមបណ្តាប្រទេសនានាប្រមាណ៥០។ នៅកម្ពុជា អគារដ៏ស្រស់ស្អាតផ្សេងទៀតក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរ ក្នុងនោះមាន៖ សាលារាជធានីភ្នំពេញ និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស និវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលី ការិយាល័យអង្គការយូណេស្កូ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សាលាបារាំងដេកាត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សអង្គរនៅសៀមរាប សណ្ឋាគារឡឺរ៉ូយ៉ាល់នៅភ្នំពេញ និងមហាសណ្ឋាគារអង្គរនៅខេត្តសៀមរាប។
សម្រាប់ម៉ោងពេល និងបែបបទនៃការទស្សនាត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ ។ លោកអ្នកអាចស្វែងយល់ព័ត៌មានបន្ថែមនៅលើទំព័រហ្វេសប៊ុក www.facebook.com/HeritageDayKH ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម