Connect with us

ក្រោយស្លា ប់៤នាក់ ទីបំផុតបុរសម្នាក់ រកឃើញកំណប់តម្លៃ១លានដុល្លាររបស់មហាសេដ្ឋីអាមេរិក

អាមេរិក៖ ហិបដែលមានផ្ទុកមាស គ្រឿងអលង្ការ និងរបស់របរមានតម្លៃជាច្រើន ដែលសរុបមានតម្លៃជាង ១លានដុល្លារអាមេរិក ត្រូវបានបុរសម្នាក់ ស្វែងរករហូតប្រទះឃើញ នៅក្នុងតំបន់ភ្នំមួយ នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

លោក Forrest Fenn មហាសេដ្ឋីដែលបានប្រមូលទិញវត្ថុបុរាណ បានឱ្យដឹងថា លោកបានកប់ហិបកំណប់នោះ កាលពីជាង ១ទសវត្សរ៍មុន ក្នុងគោលបំណងដើម្បីឱ្យមនុស្សម្នា នាំគ្នារុករក។ មនុស្សរាប់ពាន់នាក់ បានព្យាយាមស្វែងរកកំណប់នេះ ហើយខ្លះ ក៏បានបោះបង់ចោលនូវការរុករកកំណប់នេះ។ មនុស្សចំនួន ៤នាក់ បានស្លាប់ នៅពេលរុករកកំណប់។

លោក Fenn មហាសេដ្ឋីមកពីរដ្ឋញូវម៉ិកស៊ីកូ សហរដ្ឋអាមេរិក បានបង្ហើបថា បុរសម្នាក់ដែលមានប្រភពពីលោកខាងកើត បានរកឃើញកំណប់របស់លោក។ មហាសេដ្ឋីវ័យ៨៩ឆ្នាំដដែល បន្តថា បុរសខាងលើ មានភាពឈ្លាសវៃ ដោយគេបានរកវិធីក្នុងការស្វែងរកកំណប់ តាមរយៈសិក្សាកំណាព្យមួយដែលមាន ២៤បន្ទាត់ របស់លោក Fenn ដែលមានចំណងជើងថា “The Thrill of the Chase” ។

លោក Fenn បានប្រាប់កាសែតក្នុងស្រុកថា បុរសដែលបានរកឃើញកំណប់រូបនោះ មិនចង់បញ្ចេញឈ្មោះឡើយ។ មហាសេដ្ឋីអាមេរិកដដែល បានបញ្ជាក់ថា ហិបកំណប់របស់គាត់ មានទម្ងន់ ៩គីឡូក្រាម ផ្ទុកចម្លាក់បុរាណរូបសត្វ បន្ទះមាសពីបុរេប្រវត្តិ និង មុខបុរាណចិនធ្វើពីហ្គិច។

លោក Fenn បានបង្ហាញចំណាប់អារម្មណ៍ទាក់ទងនឹងការរកឃើញនេះថា លោកសប្បាយចិត្តបន្តិច មិនសប្បាយបន្តិច ព្រោះដំណើរស្វែងរកកំណប់នេះ បានចប់ដោយបរិបូណ៌ហើយ៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម