Connect with us

អ្នកស្មោះស្ម័គ្រមិនព្រមចុះពីនាវាទេសចរណ៍១គ្រឿង បានឡើងគោកហើយ

អាល្លឺម៉ង់៖ នាវាទេសចរណ៍ ឈ្មោះ MV Artania បានចូលចតនៅកំពង់ផែ Bremerhaven ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីគោចរលើផ្ទៃទឹកមហាសមុទ្រដ៏ធំល្វឹងល្វើយអស់កាលជាង ៦ខែ។

ក្រុមហ៊ុន Phoenix Reisen ដែលគ្រប់គ្រងនាវាទេសចរណ៍ MV Artania បានឱ្យដឹងថា អ្នកដំណើរចំនួន ៨នាក់ សុខចិត្តធ្វើដំណើរតាមនាវា ដែលចាកចេញពីប្រទេសអូស្ត្រាលី កាលពីជាង ៦ខែមុន និងមកដល់ប្រទេសអាល្លឺម៉ង់។

នាវាដែលអាចផ្ទុកអ្នកដំណើរ ១២០០នាក់ ត្រូវបានអាជ្ញាធរអូស្ត្រាលី រកឃើញអ្នកដំណើរចំនួន ៣៦នាក់ មានផ្ទុកវីរុសកូវីដ១៩ កាលពីខែមីនា ពេលទៅដល់កំពង់ផែភាគខាងលិចប្រទេសអូស្ត្រាលី។ អ្នកដំណើរដែលផ្ទុកជំងឺកូវីដ១៩ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងមូលដ្ឋាន នៅអូស្ត្រាលី។ យ៉ាងណាមិញ អ្នកជំងឺចំនួន ៣នាក់បានស្លាប់ ក្នុងនោះ ១នាក់ គឺជានាវិក។

អាជ្ញាធរអូស្ត្រាលី បានអនុញ្ញាតឱ្យអ្នកដំណើរនាវា Artania ដែលអវិជ្ជមានកូវីដ១៩ ឡើងគោក ហើយត្រៀមជើងហោះហើរសម្រាប់ដឹកពួកគេត្រឡប់ទៅប្រទេសកំណើតរៀងៗខ្លួន។ ប៉ុន្តែ អ្នកដំណើរ ចំនួន ៨នាក់ បានសម្រេចចិត្ត មិនធ្វើដំណើរតាមយន្តហោះឡើយ ដោយពួកគេសុខចិត្តជិះនាវាត្រឡប់ទៅអាល្លឺម៉ង់វិញ ជាមួយនាវិកមួយចំនួន។

ក្នុងដំណើរវិលត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់វិញ នាវា Artania បានឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីអនុញ្ញាតឱ្យនាវិកមួយចំនួន ឡើងគោកដើម្បីត្រឡប់ទៅជួបជុំគ្រួសាររបស់ពួកគេ។ ដោយឡែក នាវិកអឺរ៉ុបមួយចំនួនទៀត ក៏បានសម្រេចចិត្តជិះយន្តហោះត្រឡប់ទៅស្រុកកំណើត ជាមួយនឹងអ្នកដំណើរ។ ដោយចុងក្រោយ នាវិក៧៥នាក់ បន្តបម្រើការនៅលើនាវា ជាមួយអ្នកដំណើរសល់ ៨នាក់។

កាប់ពីទែននាវា លោក Morten Hansen ជនជាតិន័រវែស បានចែករំលែកនូវរឿងរ៉ាវជាច្រើន ដែលបានកើតឡើងនៅលើនាវា ហើយគេនឹងផលិតជាខ្សែភាពយន្តបែបឯកសាររបស់នាវា Artania ដែលមានចំណងជើងថា “Crazy for the Sea” ។ រឿងដ៏គួរឱ្យចងចាំបំផុតដែលកើតនៅលើនាវា Artania គឺនាវិកចំនួន២រូប បានសម្រេចចិត្តរៀបការនៅលើនាវាតែម្ដង៕

ប្រភព៖ CNN Travel

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម