Connect with us

ក្រសួងសាធារណៈការ កំពុងពង្រឹងសមត្ថភាពមន្រ្តីជំនាញ ក្នុងការគ្រប់គ្រងផ្លូវថ្នល់ ខណៈដែលរយៈពេល ២០ឆ្នាំ ផ្លូវថ្នល់ និងស្ពាន ជាង ៦ពាន់គីឡូម៉ែត្រត្រូវបានស្តារឡើងវិញ

ភ្នំពេញ ៖ យោងតាមមន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថា រយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជា បានស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង ស្ពាន មានប្រវែង៦ពាន់គីឡូម៉ែត្រ។


ប៉ុន្តែ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបង្ហាញក្តីព្រួយបារម្ភពីការគ្រប់គ្រងនូវបណ្តាញ ផ្លូវថ្នល់ និងស្ពានទាំងនោះ នៅក្រោយពេលដែលធ្វើការស្តារឡើងវិញ ដោយតម្រូវអោយមាន ការពង្រឹងសមត្ថភាពមន្រ្តីជំនាញ ដែលទទួលខុសត្រូវគ្រប់គ្រងផ្លូវថ្នល់ ។


ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្ពុជា បានធ្វើកិច្ចការជាច្រើនមានលក្ខណៈជាប្រព័ន្ធ និងមានប្រសិទ្ធភាព ដោយផ្តោតលើច្បាប់ផ្លូវថ្នល់ និងឯកសារគតិយុត្តផ្សេងៗ ជាជំនួយ ។ ក្រៅពីនេះ ធនធានមនុស្សដែលមានសមត្ថភាព ក្នុងការអនុវត្តកិច្ចការ គឺជាកត្តាមួយដ៏មានសារៈសំខាន់ ដើម្បីអាចទទួលបានលទ្ធផលតាមការ គ្រោងទុក ។


ឯកឧត្តម ក៏បានលើកឡើង ផងដែរថា គម្រោងជំនួយបច្ចេកទេស កសាងសមត្ថភាពស្ថាប័នក្នុង វិស័យផ្លូវថ្នល់នេះ ត្រូវបានក្រសួង ស្នើសុំទៅធនាគារអភិវឌ្ឍអាស៊ី ដើម្បីធ្វើការរៀបចំនូវបណ្តាឯកសារគតិយុត្តមួយចំនួន ដែលកម្ពុជាមិនទាន់មាន ។


ឯកឧត្តម បន្តថា ភារកិច្ចដ៏សំខាន់នោះ គឺថែរក្សាទ្រព្យសម្បត្តិផ្លូវថ្នល់នេះ ឲ្យបានគង់វង្ស និងបន្តស្ថាបនាបន្ថែមទៀត។ សូមបញ្ជាក់ថា គម្រោងជំនួយបច្ចេកទេសលើវិស័យផ្លូវថ្នល់នេះ នឹងផ្តោតទៅលើផ្នែកខ្លះៗនៃច្បាប់ផ្លូវថ្នល់ ដូចជា ជំពូកទី៤ «ការអភិវឌ្ឍនិងការថែទាំផ្លូវ», ជំពូកទី៦ «ការប្រើផ្លូវថ្នល់», ជំពូកទី៨ «អាជ្ញាប័ណ្ណផ្លូវថ្នល់» និងជំពូកទី៩ «ថវិកាសម្រាប់អភិវឌ្ឍនិងថែទាំផ្លូវថ្នល់» ។ មន្រ្តីជំនាញ ក៏រំពឹងទុកថា វា នឹងជួយជាជំនួយបច្ចេកទេស ដល់ការធ្វើឲ្យប្រសើរឡើងវិញ នូវការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ផងដែរ ៕     

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម