Connect with us

La Liga នឹងស្ងប់ស្ងាត់រយៈពេល ១នាទី ដើម្បីគោរពជនរងគ្រោះ ដែលបានបាត់បង់ជីវិត ដោយវីរុសកូរ៉ូណា

អេស្ប៉ាញ៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញ និងស្ថាប័ន La Liga បានប្រកាសថា គ្រប់លីគបាល់ទាត់ទាំងអស់ មុនពេលប្រកួត ត្រូវស្ងប់ស្ងាត់រយៈពេល១នាទី ដើម្បីគោរពចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណា ខណៈការគោរពនេះ នឹងត្រូវធ្វើឡើងគ្រប់ការប្រកួត រហូតដល់ចប់ រដូវកាល២០១៩-២០។
បន្ទាប់ពីត្រូវផ្អាករយៈពេល៣ខែ ព្រោះតែវីរុសរាតត្បាតខាងលើ ការប្រកួត ក៏ត្រូវបានបញ្ជាក់ពីពេលវេលាត្រឡប់មកវិញ ពោលគឺថ្ងៃទី១១ ខែមិថុនាខាងមុខ តែជាការប្រកួតបិទទ្វារ។ គូបើកឆាកដំបូងគេគឺក្រុម Sevilla ត្រូវប្រកួតជាមួយក្រុម Real Betis។

អាជ្ញាធរប្រទេសអេស្ប៉ាញ សង្ឃឹមថា ក្នុងរយៈពេល៥សប្ដាហ៍ La Liga នឹងបញ្ចប់ការប្រកួតនៅសេសសល់ទាំងអស់ ហើយការប្រកួតផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងថ្ងៃទី១៩ ខែកក្កដាខាងមុខ។
ក្របខ័ណ្ឌ La Liga នឹងក្លាយជាលីគទី២ ក្នុងលីគធំៗទាំង៥នៅអឺរ៉ុប ដែលបន្តបើកការប្រកួតឡើងវិញ ខណៈក្របខ័ណ្ឌ Bundesliga បានចាប់ផ្ដើមតាំងពីខែឧសភាមកម្ល៉េះ រីឯក្របខ័ណ្ឌ Premier League នឹងចាប់ផ្ដើមជាថ្មីនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
ដោយឡែក គិតចាប់ពីខែមីនាមក ប្រទេសអេស្ប៉ាញ មានចំនួនអ្នកបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណា លើសពី ២៧ ០០០នាក់៕

Loading...

ពេញនិយម