Connect with us

ឧស្សាហ៍ជួបអាការៈរមួលក្រពើ សាកញ៉ាំអាហារទាំងនេះអាចជួយកាត់បន្ថយបានច្រើន

ការរមួលក្រពើកើតឡើងដោយសារការកន្ទ្រាក់សាច់ដុំ ឬផ្នែកណាមួយនៃសាច់ដុំដោយមិនដឹងខ្លួន និងអាចបង្កការឈឺចាប់ទៀតផង។ ជាទូទៅអាការៈនេះមានរយៈពេលខ្លីត្រឹមតែប៉ុន្មានវិនាទី ឬនាទីប៉ុណ្ណោះ។ ទោះបីជាមូលហេតុពិតប្រាកដនៃអាការៈនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ក៏ដោយ តែក៏មានការសន្និដ្ឋានថាការហាត់ប្រាណខ្លាំង បញ្ហាខុសប្រក្រតីនៃសរសៃប្រសាទសាច់ដុំ បញ្ហាសុខភាព អតុល្យភាពនៃអេឡិចត្រូលីត្រ និងការបាត់បង់ជាតិទឹកជាកត្តាទូទៅដែលបង្កអាការៈនេះ។ ការស្រាវជ្រាវបានបង្ហាញថាសារធាតុចិញ្ចឹមដូចជាប៉ូតាស្យូម សូដ្យូម និងម៉ាញ៉េស្យូមអាចទប់ស្កាត់អាការៈរមួលក្រពើបាន។ ខាងក្រោមនេះជាអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមអាចសម្រាល ឬបង្ការអាការៈរមួលក្រពើ។

១. ផ្លែបឺរ
ផ្លែបឺរសម្បូរដោយប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលដើរតួជាអេឡិចត្រូលីត្រនៅក្នុងរាងកាយ និងមានតួនាទីសំខាន់សម្រាប់សុខភាពសាច់ដុំ ជាពិសេសសម្រាប់ការកន្ទ្រាក់សាច់ដុំ។ ដូចនេះបើយើងជួបប្រទះអាការៈរមួលក្រពើញឹកញាប់ អាហារសម្បូរដោយអេឡិចត្រូលីត្រដូចជាផ្លែបឺរអាចជួយបាន។
២. ផ្លែឪឡឹក
អាការៈរមួលក្រពើអាចបង្កដោយការបាត់បង់ជាតិទឹក។ សាច់ដុំអាចដំណើរការបានត្រឹមត្រូវគឺត្រូវការជាតិទឹកគ្រប់គ្រាន់ ហើយការខ្វះជាតិទឹកអាចរារាំងកោសិកាសាច់ដុំក្នុងការកន្ទ្រាក់ដែលនេះអាចបង្កឲ្យមានអាការៈ រមួលក្រពើ។ ផ្លែឪឡឹកគឺជាផ្លែឈើដែលមានជាតិទឹកច្រើនរហូតដល់៩២% និងជាអាហារសម្រន់ដ៏ល្អសម្រាប់ការបំពេញជាតិទឹក។ ម៉្យាងទៀត ផ្លែឪឡឹកក៏សម្បូរដោយម៉ាញ៉េស្យូម និងប៉ូតាស្យូមដែរ។
៣. ទឹកដូង
ទឹកដូងជម្រើសដ៏ល្អសម្រាប់ការបំពេញជាតិទឹក និងអេឡិចត្រូលីត្រឡើងវិញ។ ទឹកដូងជាប្រភពនៃអេឡិចត្រូលីត្រដោយផ្តល់នូវកាល់ស្យូម ប៉ូតាស្យូម សូដ្យូម ម៉ាញ៉េស្យូម និងផូស្វ័រដែលសុទ្ធតែអាចជួយកាត់បន្ថយឱកាសមានអាការៈរមួលក្រពើពិសេសក្រោយពេលយើងហាត់ប្រាណបែបធ្ងន់ៗជាដើម។
៤. ដំឡូងជ្វា
ដំឡូងជ្វាគឺជាមើមរុក្ខជាតិដែលល្អសម្រាប់សុខភាព ព្រោះសម្បូរដោយវីតាមីន ជាតិរ៉ែ និងសារធាតុផ្សេងទៀត។ ដំឡូងជ្វាក៏សម្បូរដោយប៉ូតាស្យូម កាល់ស្យូម និងម៉ាញ៉េស្យូមដែលសំខាន់សម្រាប់ជួយដល់មុខងារសាច់ដុំ។
៥. យ៉ាអួ Greek
យ៉ាអួ Greek គឺជាផលិតផលធ្វើពីទឹកដោះគោដែលល្អសម្រាប់សុខភាពព្រោះយ៉ាអួនេះមានសារធាតុចិញ្ចឹមច្រើនដូចជាប៉ូតាស្យូម ផូស្វ័រ និងកាល់ស្យូមដែលជាអេឡិចត្រូលីត្រក្នុងរាងកាយ។ សាច់ដុំត្រូវការកាល់ស្យូមដើម្បីដំណើរការឲ្យបានត្រឹមត្រូវ ហេតុនេះហើយបើខ្វះកាល់ស្យូមអាចនឹងមានផលវិបាកទាក់ទងនឹងសាច់ដុំរួមមានអាការៈរមួលក្រពើ និងចង្វាក់បេះដូងមិនប្រក្រតី។ ម៉្យាងទៀត យ៉ាអួ Greek មានប្រូតេអ៊ីនច្រើនដែលជាលិកាសាច់ដុំត្រូវការដើម្បីលូតលាស់ និងជួសជុលឡើងវិញ។
៦. ផ្លែល្ហុង
ផ្លែល្ហុងផ្ទុកប៉ូតាស្យូម និងម៉ាញ៉េស្យូមច្រើន។ ការសិក្សាទៅលើស្ត្រី ២៣០នាក់បានរកឃើញថាអ្នកដែលប្រឈមនឹងអាការៈ រមួលក្រពើញ៉ាំអាហារដែលមានប៉ូតាស្យូមតិចជាងអ្នកដែលមិនមានអាការៈនេះ។ ដូចនេះការញ៉ាំអាហារសម្បូរដោយប៉ូតាស្យូមដូចជាផ្លែល្ហុងអាចជួយកាត់បន្ថយហានិភ័យអាការៈរមួលក្រពើ។
៧. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុនសម្បូរដោយប្រូតេអ៊ីន ខ្លាញ់ប្រឆាំងនឹងការរលាក និងសារធាតុចិញ្ចឹមផ្សេងទៀតដែលអាចបង្ការអាការៈរមួលក្រពើរួមមានវីតាមីន B ប៉ូតាស្យូម ម៉ាញ៉េស្យូម និងផូស្វ័រ។ ត្រីសាល់ម៉ុនក៏មានជាតិដែកដែលសំខាន់សម្រាប់ការផលិតកោសិកាគ្រាប់ឈាម ផ្តល់អុកស៊ីសែនដល់ជាលិកាសាច់ដុំ និងចរន្តឈាមដែលសំខាន់ក្នុងការបង្ការការរមួលក្រពើ។ បន្ថែមពីនេះទៀត ត្រីសាល់ម៉ុនក៏មានវីតាមីន Dដែរ។ វីតាមីន D សំខាន់សម្រាប់មុខងារសាច់ដុំ ហើយការខ្វះសារធាតុចិញ្ចឹមមួយនេះអាចបណ្ដាលឲ្យមានការឈឺចាប់នៅសាច់ដុំ រមួលក្រពើ និងសាច់ដុំចុះខ្សោយ។
៨. ត្រីសាឌីន
ត្រីសាឌីនតូចមែនប៉ុន្តែសម្បូរដោយសារធាតុចិញ្ចឹមដែលអាចបង្ការ និងបំបាត់អាការៈរមួលក្រពើមានដូចជាកាល់ស្យូម ជាតិដែក ផូស្វ័រ ប៉ូតាស្យូម សូដ្យូម វីតាមីន D និងម៉ាញ៉េស្យូម។ លើសពីនេះ ត្រីសាឌីនក៏ផ្ទុកសារធាតុ selenium ដែលមានតួនាទីសំខាន់សម្រាប់មុខងារសាច់ដុំ។ កម្រិតសារធាតុ selenium ទាបអាចបង្កឲ្យសាច់ដុំចុះខ្សោយ ឬបញ្ហាសាច់ដុំផ្សេងៗ៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម