Connect with us

ចិន ដកសត្វពង្រូលចេញពីបញ្ជីឈ្មោះឱសថបុរាណ

ប៉េកាំង៖ រាជរដ្ឋាភិបាលចិន បានរាយការណ៍កាលពីថ្ងៃអង្គារ ទី០៩ ខែមិថុនា ថា ប្រទេសចិន បានលុបចោលសត្វពង្រូលចេញពីបញ្ជីឈ្មោះឱសថបុរាណជាផ្លូវការក្នុងឆ្នាំនេះ បន្ទាប់ពីបានរឹតបន្តឹងច្បាប់លើសត្វដែលជិតផុតពូជ។ នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មានសុខភាព Health Times។

សត្វពង្រូល គឺជាថនិកសត្វដែលមានការជួញដូរច្រើនជាងគេលើពិភពលោក ដែលបំណែកនៃតួខ្លួនរបស់វាមានតម្លៃខ្ពស់ជាងគេនៅក្នុងទីផ្សារងងឹត។ សត្វពង្រូល ត្រូវបានប្រើប្រាស់ធ្វើឱសថបុរាណចិន បើទោះបីជាខាងផ្នែកវេជ្ជសាស្ត្រ បានបកស្រាយថា វាមិនមានសារប្រយោជន៍ក្នុងការយកមកព្យាបាលជំងឺក៏ដោយ។

អាជ្ញាធរព្រៃឈើចិន បានផ្តល់ការការពារខ្ពស់ដល់សត្វពង្រូល ដោយសារថនិកសត្វនេះ បានរងការគំរាមកំហែងខ្លាំង។ ម៉្យាងទៀត ថ្មីៗនេះ ចិនក៏បានចេញច្បាប់ហាមឃាត់មិនឱ្យលក់សត្វព្រៃធ្វើជាម្ហូប ក្រោមហេតុផលបង្ការការសាយភាយមេរោគផ្សេងៗទៅដល់មនុស្ស។ ប៉ុន្តែ សត្វព្រៃដែលប្រើសម្រាប់យកមកធ្វើការស្រាវជ្រាវ គឺនៅតែស្របច្បាប់ធម្មតា។

គួរបញ្ជាក់ដែរថា មូលនិធិពិភពលោកសម្រាប់ធម្មជាតិ បានគាំទ្រប្រទេសចិនពេញទំហឹងនូវច្បាប់ហាមឃាត់ និងការពារដល់សត្វពង្រូលនេះ៕

ប្រភព៖ CNN

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម