Connect with us

ថៃ អនុញ្ញាតឱ្យមានការដើរហើរពេលយប់ជាធម្មតាឡើងវិញ

បាងកក៖ បម្រាមគោចរ នៅពេលរាត្រី នៅក្នុងប្រទេសថៃ នឹងត្រូវបានដកចេញ ដើម្បីអនុញ្ញាតឱ្យប្រជាជនធ្វើការដើរហើរដោយសេរី លើកលែងតែទីតាំងកម្សាន្ត និងម៉ាស្សាសើម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ។

ការដកចេញនូវបម្រាមគោចរនៅពេលរាត្រី ត្រូវបានបញ្ជាក់នៅក្រោយកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។ លោក បា្រយុទ្ធ ចាន់អូចា បានយល់ព្រមលើការដកចេញនូវបម្រាមគោចរ ដែលអនុវត្តពីម៉ោង ១១យប់ ដល់ ៣ទៀបភ្លឺ ដែលអាចចូលជាធរមាននៅថ្ងៃទី១៥ ខែមិថុនា។ អាជីវកម្ម ប្រមាណជាង ៩៥% នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតាឡើងវិញ។

គិតមកទល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ថៃមានអ្នកឆ្លងកូវីដ១៩ចំនួន ៣១២៥នាក់ ក្នុងនោះជាសះស្បើយ ២៩៨៧នាក់ និងស្លាប់ ៥៨នាក់៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម