Connect with us

បឹងមួយនៅឥណ្ឌា ប្រែជាពណ៌ផ្កាឈូក, កំពុងបង្កើតឱ្យមានចម្ងល់

ឥណ្ឌា៖ មូលហេតុអ្វី ដែលធ្វើឱ្យបឹងប្រែជាពណ៌ផ្កាឈូកដូច្នេះ? នេះគឺជាសំណួរ ដែលកំពុងចោទសម្រាប់ប្រជាជននៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីបឹងឈ្មោះ Lonar នៅរដ្ឋ Maharashtra បានប្រែជាពណ៌ផ្កាឈូក ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

អ្នកជំនាញ បានលើកឡើងថា ការប្រែពណ៌យ៉ាងឆាប់រហ័សនេះ អាចបណ្ដាលមកពី ការកើនឡើងនៃកម្រិតជាតិប្រៃនៅក្នុងទឹក វត្តមានស្លែ ឬក៏ កត្តាទាំងពីររួមបញ្ចូលគ្នា។ លោក Gajanan Kharat ភូគព្ភសាស្ត្រវិទូនៅឥណ្ឌា បានចេញវីដេអូបកស្រាយថា វាអាចមកពីជាតិប្រៃ មានការកើនឡើង រួមផ្សំនឹងបរិមាណទឹកក្នុងបឹងបានថយចុះ។ លោកបន្តថា អ្នកស្រាវជ្រាវ កំពុងសិក្សា ថាតើវត្តមាននៃស្លែ បានធ្វើឱ្យទឹកបឹងប្រែជាពណ៌ផ្កាឈូកដែរ ឬទេ?។ សំណាក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍ជាច្រើន ប៉ុន្តែលទ្ធផលយ៉ាងណានោះ មិនទាន់ដឹងនោះទេ។

សូមជម្រាបថា បឹងខាងលើ ដែលមានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រពីក្រុងមុមបៃ បានកកើតឡើងដោយសារការធ្លាក់អាចម៍ផ្កាយ កាលពីជាង ៥ម៉ឺនឆ្នាំមុន។ វាជាទីតាំងដ៏ទាក់ទាញមួយ សម្រាប់អ្នកទេសចរ និងអ្នកវិទ្យាសាស្ត្រក្នុងការសិក្សាស្រាវជ្រាវ ពីរឿងរ៉ាវដែលកើតឡើងនៅជុំវិញពិភពលោក៕

ប្រភព៖ CNN

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម