Connect with us

សហព័ន្ធប៉េតង់ ប្រកាសប្រកួតជ្រើសរើសកីឡាការិនីជម្រើសជាតិ ៥នាក់

ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រកាសជូនដល់បណ្តាក្លឹប-សមាគម ក្រសួង រាជធានីខេត្តថា សហព័ន្ធនឹងត្រៀមការប្រកួតកីឡាប៉េតង់ ជ្រើសរើសកីឡាការិនីជម្រើសជាតិ ឆ្នាំ២០២០ ចំនួន ៥នាក់ នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ នៅទីលានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីជូន ដំណឹងរបស់ខ្លួនថា សម្រាប់ការប្រកួតជម្រើសរើសកីឡាការិនីជម្រើសជាតិនេះ គឺតែលើវិញ្ញាសាប្រកួតមាន ១ទល់១ ដោយកំណត់នូវលក្ខខណ្ឌនៃការចូលរួម គឺជាកីឡាការិនីស្ថិតក្នុងសមាគម ឬក្លិប ដែលចំណុះឱ្យសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ហើយមានអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំ។ ការទទួលពាក្យចូលរួមប្រកួតចាប់ពីពេលផ្សាយដំណឹងនេះ រហូតដល់បិទបញ្ចប់នាថ្ងៃទី២០ ខែមិថុនា ហើយការប្រជុំចាប់ឆ្នោត នឹងប្រព្រឹត្តទៅនាថ្ងៃប្រកួត នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០មុនកន្លះម៉ោង បន្ទាប់មកគឺចាប់ផ្តើមប្រកួតតែម្តង នៅវេលាម៉ោង៨ព្រឹក។

គួររំឭកថា ប្រភេទកីឡាប៊ូល និងប៉េតង់កម្ពុជា ជាប្រភេទកីឡាសក្តានុពលមួយ ក្នុងចំណោមប្រភេទកីឡាសក្តានុពលជាច្រើនទៀត ដែលធ្លាប់ដណ្តើមបានមេដាយជាច្រើនជាបន្តបន្ទាប់ ពីលើឆាកអន្តរជាតិ ក្នុងនោះដូចជាព្រឹត្តិការណ៍ ជើងឯកពិភពលោក ជើងឯកអាស៊ី និងកីឡាស៊ីហ្គេម រៀងរាល់២ឆ្នាំម្តង៕

កែសម្រួល៖ លាភ

Loading...

ពេញនិយម