Connect with us

ស្នាមអុជពណ៌សលើក្រចក បណ្ដាលមកពីមូលហេតុអ្វី?

គ្នាយើងមួយចំនួនប្រហែលជាធ្លាប់មានចម្ងល់ទាក់ទងទៅនឹងស្នាមអុជពណ៌សៗនៅលើក្រចក។ តើស្នាមនេះអាចមានផលប៉ះពាល់អ្វីដល់សុខភាពឬទេ?។

មូលហេតុបង្ក

ស្នាមពណ៌សលើក្រចកនេះអាចបង្កដោយមូលហេតុផ្សេងៗ៖

• ប្រតិកម្ម៖ នេះអាចបណ្ដាលមកពីប្រតិកម្មទៅនឹងថ្នាំលាបក្រចក ឬទឹកលាងក្រចកជាដើម។ ការតក្រចកក៏អាចបង្កការខូចខាតដល់ក្រចក និងជាមូលហេតុបង្កមួយដែរ។

• ពពួកផ្សិត៖ ជាទូទៅពពួកផ្សិតបង្ករោគនៅក្រចកឈ្មោះ onychomycosis អាចបង្កឱ្យមានស្នាមលើក្រចកដែលដំបូងជាស្នាមតូចមួយ ហើយយូរទៅនឹងរាលដាល និងធ្វើឱ្យក្រចកផុយស្រួយ។

• របួសក្រចក៖ របួសនៅក្រចកក៏អាចបង្កឱ្យមានស្នាមពណ៌សនៅលើក្រចកពេលក្រចកដុះចេញមក។ ប៉ុន្តែយើងអាចនឹងមិនចាំថាតើយើងប៉ះនឹងអ្វីព្រោះស្នាមនេះអាចចេញមកក្រោយ៤សប្ដាហ៍ ឬយូរជាងនេះ។ ការធ្វើក្រចកញឹកញាប់ក៏ជាមូលហេតុបង្កដែរ។

• កង្វះជាតិរ៉ែ៖ ជាទូទៅនៅពេលមានស្នាមលើក្រចក យើងអាចនឹងមានបញ្ហាកង្វះជាតិរ៉ែដូចជាខ្វះជាតិកាល់ស្យូម និងស័ង្កសីជាដើម។
ក្រៅពីមូលហេតុខាងលើ ស្នាមពណ៌សនៅលើក្រចកនេះក៏អាចបណ្ដាលមកពីមូលហេតុកម្រផ្សេងៗមានដូចជាជំងឺបេះដូង សុខភាពមិនល្អ ខ្សោយតម្រងនោម ជំងឺរលាកសួត និងpsoriasis និងតាអក (eczema)។

ការព្យាបាល

ការព្យាបាលគឺផ្អែកទៅលើមូលហេតុបង្ក។

• ប្រតិកម្ម៖ ផ្អាកប្រើប្រាស់ថ្នាំលាបក្រចក ឬផលិតផលក្រចកផ្សេងៗដែលយើងគិតថាអាចមានប្រតិកម្ម។ ប៉ុន្តែបើនៅតែមានបញ្ហានេះកើតឡើងក្រោយពីឈប់ប្រើផលិតផលក្រចក គួរពិគ្រោះជាមួយគ្រូពេទ្យ។

• ពពួកផ្សិត៖ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យយើងក្នុងករណីនេះ ហើយការព្យាបាលជាមធ្យមអាចនឹងត្រូវប្រើរយៈពេល៣ខែ។

• របួសក្រចក៖ របួសក្រចកភាគច្រើនត្រូវការពេលក្នុងការជាសះស្បើយ។ នៅពេលក្រចកដុះចេញ ការខូចខាតនៃក្រចកនេះនឹងដុះចេញមក ដែលយូរទៅស្នាមពណ៌សនេះក៏បាត់ទៅដែរ៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម