Connect with us

ថៃហាមមិនឱ្យជនបរទេសស្នាក់នៅ ស្របពេលដែលបម្រាមគោចរពេលយប់ ត្រូវដកចេញវិញ

ប្រទេសថៃ៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ អ្នកនាំពាក្យនៃរដ្ឋាភិបាលបានប្រកាសថា នឹងមិនមានបម្រាមគោចរនាពេលយប់ទៀតឡើយ ប៉ុន្តែការត្រួតពិនិត្យដំណើរចេញចូលប្រទេសនៅតែបន្តយ៉ាងតឹងរឹង ជាពិសេសដំណើរពេលចូលក្នុងប្រទេសថៃ ដោយសារកូវីដ-១៩ នៅមានក្នុងបណ្តាប្រទេសដទៃ។

អ្នកនាំពាក្យនៃគណៈកម្មការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ឬ CCSA លោក Taweesilp Visanuyothin បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ថ្ងៃចន្ទសប្តាហ៍ក្រោយទៅ ប្រជាជនក្នុងតំបន់អាចមានសេរីភាពធ្វើដំណើរកម្សាន្តតាមធម្មតាឡើងវិញដោយសារតែមិនមានករណីការឆ្លងវីរុសកូវីដ-១៩ ក្នុងតំបន់ទៀតឡើយសម្រាប់ពេលបច្ចុប្បន្ន។

ទោះជាយ៉ាងណា រដ្ឋាភិបាលនៅប្រកាន់ខ្ជាប់ការគ្រប់គ្រងតាមច្រកចូលប្រទេសទាំងអស់ដូចជាផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដោយសារអ្នកជំងឺកូវីដថ្មីទាំងអស់ សុទ្ធតែជាអ្នកដែលត្រឡប់មកពីបរទេស។

បន្ថែមពីនេះផងដែរ អាជីវកម្មមួយចំនួន នឹងត្រៀមឱ្យបើកដំណើរការឡើងវិញផងដែរ។ ចំណែកឯសាលារៀនតូចៗដែលមានសិស្សចាប់ពី ១២០ នាក់ចុះក៏នឹងអនុញ្ញាតឱ្យបើកឡើងវិញ សម្រាប់សាលាដែលមានចំនួនសិស្សច្រើនក៏អាចបើកដំណើរការឡើងវិញដូចគ្នា ប៉ុន្តែខាងសាលាតម្រូវឱ្យបញ្ជាក់ពីផែនការនៃការគ្រប់គ្រងដើម្បីការពារ។

ក្រៅពីនោះ ភេសជ្ជៈដែលមានជាតិអាល់កុលត្រូវបានអនុញ្ញាតឱ្យដាក់លក់នៅតាមភោជនីយដ្ឋាន កន្លែងលក់ម្ហូប និងសណ្ឋាគារ ប៉ុន្តែ ផាប់ បារ ខារ៉ាអូខេ និងក្លិបកម្សាន្តនៅបន្តបិទ មិនទាន់អាចបើកដំណើរការវិញនៅឡើយ។

លោកវេជ្ជបណ្ឌិត Taweesilp មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ក៏អាចប្រើប្រាស់កន្លែងអង្គុយទាំងអស់នៅលើយន្តហោះដល់ភ្ញៀវដោយសារយន្តហោះមានប្រព័ន្ធខ្យល់ល្អ ប៉ុន្តែសម្រាប់ដំណើរដែលមានរយៈពេលហោះហើរត្រឹម ១ ម៉ោងប៉ុណ្ណោះ ព្រោះវីរុសកូវីដ-១៩ អាចឆ្លងក្នុងរយៈពេល ២ ម៉ោងក្រោយប៉ះពាល់មេរោគ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម