Connect with us

ស្រួង ភាវី កូនខ្មែរដែលទទួលបានតំណែងមួយក្នុងក្រសួងកិច្ចការនារីរបស់កូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ ស្រួង ភាវី ដែលជាកីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ត្រូវបានក្រសួងកិច្ចការនារី នៃសាធារណរដ្ឋកូរ៉េ សម្រេចផ្ដល់តំណែងជា គណៈកម្មការនៃក្រសួងកិច្ចការនារី កាលពីពេលថ្មីៗនេះ។

យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ស្រួង ភាវី បានឱ្យដឹងដូច្នេះថា៖ “នាងខ្ញុំពិតជាមានមោទកភាពសម្រាប់ជាតិយើងខ្លាំងណាស់ ដែលនាងខ្ញុំទទួលបានតំណែងជាគណៈកម្មការនៃក្រសួងកិច្ចការនារី នៅប្រទេសកូរ៉េ ហើយថែមទាំងទទួលបាន បណ្ណកិត្តិយសថ្នាក់ជាតិដ៏ធំបំផុតរបស់កូរ៉េខាងត្បូង ដោយទទួលបានការសរសើរក្រៃលែងពីសំណាក់រដ្ឋមន្ត្រីជាន់ខ្ពស់កូរ៉េ”។

មន្ត្រីកូរ៉េខាងត្បូង បានកោតសរសើរ ស្រួង ភាវី ដែលបានលើកស្ទួយវិស័យកីឡាស្នូកឃ័រនេះ ឱ្យកាន់តែរីកចម្រើននៅកូរ៉េខាងត្បូង ធ្វើឱ្យពិភពលោកកាន់តែស្គាល់ប្រទេសកូរ៉េទូលំទូលាយ ជាពិសេសជនជាតិកូរ៉េភាគច្រើន បានគោរពរាប់អាន ភាវី ទុកជាអាយដុលរបស់ពួកគេ បើទោះបីជាគាត់ជា ជនជាតិខ្មែរ មានដើមកំណើតមកពីប្រទេសកម្ពុជាក៏ដោយ។ ស្រួង ភាវី ម្ចាស់មេដាយសំរឹទ្ធស្នូកឃ័រពិភពលោកឆ្នាំ២០១៨ បានបង្ហាញក្តីរំភើបចិត្តក្រៃលែង ដែលទទួលបានបណ្ណសរសើរកិត្តិយសកំពូលមួយនេះ ក្នុងនាមខ្ញុំជាកូនខ្មែររូប។

សូមជម្រាបថា ស្រួង ភាវី គឺជាកីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ដោយធ្លាប់ដណ្ដើមបានមេដាយកម្រិតពិភពលោក អាស៊ី និងថ្នាក់តំបន់ជាច្រើន ក្នុងនាមកីឡាការិនីកម្ពុជា ពិសេសនាងធ្លាប់ដណ្ដើមបានជើងឯកជាច្រើនជំនាន់ ក្នុងការប្រកួតថ្នាក់ជាតិនៅកូរ៉េ រហូតមានការទាក់ទាញកីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំរូបនេះ ឱ្យចូលសញ្ជាតិកូរ៉េទៀតផង តែត្រូវបានគាត់បដិសេធ ដ្បិតចង់លេងតំណាងឱ្យកម្ពុជាមួយតែប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះ កីឡាការិនី ស្រួង ភាវី បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីបើកក្លិបស្នូកឃ័រផ្ទាល់ខ្លួន នៅសាធារណរដ្ឋកូរ៉េថែមទៀតផង ដើម្បីបណ្ដុះបណ្ដាលអ្នកដែលស្រឡាញ់កីឡាស្នូកឃ័រ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម