Connect with us

ថ្ងៃនេះ កម្ពុជា រកឃើញករណីនាំចូលជំងឺកូវីដ១៩ ចំនួន២នាក់ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសឱ្យដឹងថា បានរកឃើញករណីកូវីដ១៩ នៅលើជនជាតិខ្មែរ២រូបទៀត ដែលទើបត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី។

ករណីវិជ្ជមានវីរុសកូរីដ១៩ថ្មី ចំនួន ០២នាក់នោះ រួមមាន បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ដែលមានអាស័យដ្ឋាននៅខេត្តកំពង់ចាម ហើយអ្នកទាំងពីរ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាល ជើងហោះហើរជាមួយនឹងជនជាតិខ្មែរទាំងពីរនេះ មានអ្នកដំណើរសរុបចំនួន ៤៦នាក់ (ស្រី្ត ២៤នាក់) ហើយក្នុងនោះ មានជនជាតិខ្មែរចំនួន ៤២នាក់ (ស្រី ២២នាក់) និងជនជាតិឥណ្ឌូណេស៊ីចំនួន ០៤នាក់ (ស្រី ០២នាក់)។ អ្នកដំណើរចំនួន ៤៤នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូន១ មណ្ឌលចត្តាឡីស័កនៅតាមបណ្ដាខេត្តដែលបុគ្គលរស់នៅ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ ដើម្បីតាមដានសុខភាពបន្តទៀត)៕

សូមជម្រាបថា មកទល់ពេលនេះ កម្ពុជា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន ១២៥នាក់ និង ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម