Connect with us

ម៉ាក់ៗធ្លាប់សម្រាលដោយវះកាត់ ពពោះលើកក្រោយអាចប្រឈមបញ្ហាប៉ុន្មាននេះ

ការសម្រាលកូនមិនមែនងាយស្រួលទេ ទោះសម្រាលតាមវិធីណាក៏ដោយក៏ស្ត្រីទាំងអស់តែងតែមានការឈឺចាប់។ មិនថាសម្រាលតាមធម្មជាតិ ឬដោយវះកាត់គឺប្រឈមនឹងផលពិបាកច្រើនដូចគ្នា ជាពិសេសម៉ាក់ៗដែលសម្រាលដោយវះកាត់អាចប្រឈមនឹងបញ្ហាច្រើន។

មន្ទីរពេទ្យ កាល់ម៉ែត បានឱ្យដឹងថា បច្ចុប្បន្ននេះ ភាគរយនៃការសម្រាលកូនដោយវះកាត់ មានការកើនឡើងជាលំដាប់គួរឱ្យព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុ ព្រោះធម្មតា ករណីគ្រូពេទ្យសម្រេចចិត្តឱ្យសម្រាលដោយវះកាត់ លុះត្រាតែការសម្រាលបែបធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្ដាយ និងកូន។ ផ្ទុយទៅវិញ ការសម្រាលដោយវះកាត់ផ្ដល់ផលពិបាកច្រើនជាងការសម្រាលដោយធម្មជាតិ ហើយអាចឱ្យម៉ាក់ៗប្រឈមនឹងហានិភ័យមួយចំនួនពេលមានផ្ទៃពោះលើកក្រោយដូចជា៖

– វះកាត់យកកូនសារជាថ្មី
– ធ្លាយស្បូន
– សុកពាំងមាត់ស្បូន
– សុកចាក់ឫសក្នុងសាច់ស្បូន ឬចាក់ដល់ប្លោកនោមជាដើម។

ក្រៅពីនេះ ការសម្រាលដោយវះកាត់ក៏ផ្ដល់ផលពិបាកច្រើនដែរ នៅពេលដែលកំពុងវះកាត់ និងក្រោយវះកាត់ហើយភ្លាមៗដែរ៖

ផលពិបាកអំឡុងពេលវះកាត់៖

– ផលវិបាកនៃថ្នាំសណ្ដំ
– បាត់បង់ឈាមច្រើនពេលវះកាត់
-ដាច់រហែកកស្បូនខ្លាំង
– របួសប្លោកនោម ឬពោះវៀន ដែលទាមទារការសម្រាកពេទ្យរយៈពេលយូរ។
ផលពិបាកក្រោយសម្រាលវះកាត់ភ្លាមៗ១០% ទៅ៤២%៖
– បង្ករោគផ្សេងៗ (ដូចជា ការរលាកប្លោកនោម រលាកភ្នាសក្នុងរបស់ស្បូន រលាកស្រោមពោះ ឬអាចដល់បង្ករោគក្នុងសរសៃឈាម)
– ហូរឈាមក្រោយពេលវះកាត់ មានកកឈាមលើស្នាមរបួសស្បូន ឬក្រោមរបួសស្បែក
– ស្លេកស្លាំង
– ស្ទះសរសៃឈាមតូចៗ ជាពិសេសសរសៃឈាមក្នុងសួត ធ្វើឱ្យមានវិបត្តិផ្លូវដង្ហើម។

ដោយសារការសម្រាលដោយវះកាត់មានផលប៉ះពាល់ច្រើនបែបនេះទើប មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំឱ្យស្ត្រីពពោះ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញមុន ដើម្បីជ្រើសរើសការសម្រាលដែលសមស្រប និងមានសុវត្ថិភាពទាំងម្ដាយ និងកូន ព្រោះក្នុងករណីសម្រាលខ្លះ អាចគំរាមកំហែងដល់ជីវិតស្ត្រីបាន៕

ប្រភព៖ Hellokrupet

ម៉ាក់ៗធ្លាប់សម្រាលដោយវះកាត់ ពពោះលើកក្រោយអាចប្រឈមបញ្ហាប៉ុន្មាននេះ

Loading...

ពេញនិយម