Connect with us

ថ្ងៃនេះ (១៥ មិថុនា ២០២០) គម្រប់ខួប៥៨ឆ្នាំដែលប្រាសាទព្រះវិហារ ត្រូវបានកាត់មកឱ្យខ្មែរគ្រប់គ្រងឡើងវិញ

ព្រះវិហារ៖ ប្រាសាទព្រះវិហារ មិនត្រឹមតែត្រូវបានតុលាការអន្តរជាតិ នៃទីក្រុងឡាអេ កាត់ក្តីឱ្យខ្មែរ បានទទួលមកជាអច្ឆរិយវត្ថុរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែអង្កការ UNESCO ថែមទាំងបានចុះទៅក្នុងបញ្ជី នៃបេតិកភ័ណ្ឌរបស់ពិភពលោកទៀតផង។

ប្រាសាទ “ព្រះវិហារ” ត្រូវកសាងដោយព្រះមហាក្សត្រ ៤ជំនាន់ និងចំណាយពេលអស់ជាង ២៥០ឆ្នាំ ។

នៅក្នុងសតវត្សទី៩ គឺក្នុងឆ្នាំដែលព្រះបាទ យសោវរ្ម័នទី១ ឡើងសោយរាជ្យនោះ ព្រះអង្គ បានធ្វើឱ្យរាជធានីអង្គរ មានភាពល្បីរន្ទឺរខ្ទរខ្ទារណាស់ ដោយរាជធានីដែលទ្រង់កសាងមក មាននាមថា “រាជធានីយសោធរបុរ” ដោយមានផ្ចិតកណ្តាលនៅឯភ្នំបាខែង ខេត្តសៀមរាបសព្វថ្ងៃ។ ខណៈដែលប្រទេសជាតិ មានការរីកលូតលលាស់នេះ ធ្វើឱ្យទ្រង់សព្វព្រទ័យ និងជ្រើសរើសយកភ្នំ “ព្រះវិហារ” ដើម្បីកសាងប្រាសាទ តែសូមជម្រាបថា ទ្រង់កសាងតែត្រង់ចំណុចកណ្តាលនៃប្រាសាទតែប៉ុណ្ណោះ នៅពេលសាងរួចហើយមហារាជាទ្រង់ បានយាងព្រះអទិទេព១ព្រះនាម “ស្រីសិខរីស្វារៈ” ដែលប្រែថា “បរមីភ្នំ” ដើម្បីឱ្យមកគង់ជាម្លប់ដល់ព្រះមហានគរខ្មែរ។

បន្ទាប់ក្សត្រអង្គនេះ គឺមានព្រះបាទ សុរយវរ្ម័នទី១ កសាងបន្តថែមទៀត គឺព្រះអង្គកសាងត្រង់ កំពែងដែលព័ទ្ធពីក្រៅនៃប្រាសាទកណ្តាល រួមទាំងខ្លោងទ្វារទី៣។ ព្រះបាទសុរិយវរ្ម័នទី១ ទ្រង់បានយាងព្រះអទិទេពនាម “ភទ្រស្វរៈ” ដែលគង់នៅប្រាសាទវត្តភូ (នៅឡាវសព្វថ្ងៃ) ឱ្យមកគង់ជាមួយ “ស្រីសិខរីស្វារៈ” ដើម្បីគង់ជាម្លប់ការពារដល់រាជបល្ល័ង្កនគរ និងប្រជារាស្ត្រខ្មែរ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យចន្លោះ ឆ្នាំ១០០២ -១០៥០ គ.ស ស្តេចខ្មែរអង្គនេះ បានបន្សល់ទុកនូវមហាស្នាព្រហស្តច្រើនអណេកណាស់។

បន្ទាប់នោះមក មានព្រះបាទជ៍យវរ្ម័នទី៦ ដែលសោយរាជ្យនៅចន្លោះឆ្នាំ ១០៨០-១១០៩ គ.ស នោះ គឺព្រះអង្គបានកសាងបន្ថែមនូវបណ្ណាល័យ២ខ្នង និងព្រះអង្គបានជួសជុលនៅត្រង់ទីខ្លះដែលទ្រុឌទ្រោម។

ក្រោយពីនោះគឺមានព្រះរាជាដ៏ល្បីល្បាញ គឺព្រះបាទសុរិយវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ ១១១៣-១១៥០ គ.ស ។ ព្រះអង្គបានកសាងបន្ថែមនូវព្រះលាន ដែលមាននាគ និងកាំជណ្តើរខាងមុខ ។ដូចនេះហើយទើបយើងឃើញប្រាសាទនេះធំទូលាយណាស់។

ជាប្រវត្តិសាស្ត្រ ហើយត្រូវចងចាំព្រះនាមស្តេចខ្មែរដំបូង គឺ “ព្រះបាទយសោវរ្ម័នទី១” សោយរាជ្យនៅចន្លោះឆ្នាំ ៨៨៩-៩០០ ឬ ៩១០ គ.ស និងទីបន្ទាប់ គឺព្រះបាទសុរយវរ្ម័នទី១ ១០០២-១០៥០គ. ស។ ព្រះបាទជយវរ្ម័នទី៦ និងព្រះបាទ សុរិយវរ្ម័នទី២។

តុលាការអន្តរជាតិទីក្រុង “ឡាអេ” បានកាត់ក្តីឱ្យខ្មែរ បានទទួលព្រះវិហារពីថៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៕

Loading...

ពេញនិយម