Connect with us

ភ្លៀងបង្អុរធ្លាក់ មិនអាណិតប្រជាជនថៃ ដែលទើបតែត្រូវបានអនុញ្ញាតឱ្យដើរលេងនិងបើកលក់ពេលយប់

ថៃ៖ នាយកដ្ឋានឧតុនិយមថៃ បានជូនដំណឹងឱ្យប្រជាជនរបស់ខ្លួន មានការប្រុងប្រយ័ត្ន ខណៈភ្លៀងកំពុងបង្អុរធ្លាក់ និងអាចបន្តរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។ សេចក្ដីជូនដំណឹងនេះ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលថៃ ទើបតែដកចេញនូវបម្រាមគោចរពេលយប់ ដែលអនុញ្ញាតឱ្យប្រជាជន ដើរហើរដោយសេរី។

ក្រុងបាងកក ត្រូវបានព្យារករថា នឹងអាចមានភ្លៀងធ្លាក់រហូតដល់ថ្ងៃពុធ ជាមួយនឹងអត្រាដែលមានភ្លៀងធ្លាក់ ៧០% ។ បណ្ដាខេត្តនានានៅទូទាំងប្រទេសថៃ ក៏នឹងអាចមានភ្លៀងធ្លាក់ផងដែរ។

ដោយឡែកក្រុងខូរ៉ាត់ នៅខេត្តនគររាជសីមា បានជន់លិចដោយជំនន់ទឹកភ្លៀងដែលបានបង្អុរធ្លាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ប្រជាជនដែលជាអាជីវករ ត្រៀមបើកលក់នៅផ្សាររាត្រីសាជាថ្មី ក្រោយផ្អាកអស់រយៈពេលយូរ ត្រូវខកខានមិនអាចបើកលក់បានវិញឡើយ នៅយប់ថ្ងៃចន្ទ ទី១៥ ខែមិថុនានេះ។ អាជីវករខ្លះ បានសាឥវ៉ាន់ ជាមួយទឹកមុខអស់សង្ឃឹម។

សូមជម្រាបថា ចាប់ពីថ្ងៃទី១៥ ខែមិថុនានេះតទៅ ប្រជាជននៅថៃ ត្រូវបានអនុញ្ញាតឱ្យដើរលេងនៅពេលយប់ ដោយសេរី មិនមានការហាមឃាត់ទៀតឡើយ៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម