Connect with us

ម៉ាស ស្រោមដៃ និង កាកសំណល់ផ្សេងទៀតពី COVID-19 កំពុងបំពុលសមុទ្រ

គិតចាប់ពីចុងខែកុម្ភៈ ដល់ពាក់កណ្ដាលខែមេសាឆ្នាំ២០២០នេះ ប្រទេសអង់គ្លេសមានកាកសំណល់ឧបករណ៍ការពារខ្លួនពី COVID-19 ដូចជាម៉ាស ស្រោមដៃ និងបរិក្ខាផ្សេងទៀតជាង១ពាន់លានបានបញ្ចេញចោល ដែលការកើនឡើងនៃសំណល់ពីបរិក្ខាទាំងនេះបង្កជាក្ដីបារម្ភច្រើនដល់បរិស្ថានពិភពលោក។

ជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសអង់គ្លេសតែឯងមានស្រោមដៃ និងម៉ាសដែលគេប្រើហើយបោះចោលរាប់លាន។ រឿងនេះហើយដែលធ្វើឲ្យអ្នកអភិរក្សបរិស្ថានជុំវិញពិភពលោកកំពុងប្រកាសអាសន្នទាក់ទងនឹងផលិតផលប្រើតែម្តងទាំងនេះថាតើរបស់ទាំងនេះនឹងទៅកន្លែងណាក្រោយពេលគេបោះចោល។

ម៉ាស ស្រោមដៃ សំបកដបទឹកលាងដៃ និងកាកសំណល់ផ្សេងៗទាក់ទងនឹងការការពារវីរុសកូរ៉ូណាគឺត្រូវបានរកឃើញនៅបាតសមុទ្រ និងនៅលើឆ្នេរដែលនេះក៏ជាបញ្ហាមួយ។ កាលពីខែកុម្ភៈ អង្គការអភិរក្សសមុទ្រ OceansAsia បានសង្កត់ធ្ងន់ទៅលើការកើនឡើងនៃម៉ាសដែលបានរកឃើញអំឡុងពេលគេស្វែងរកផលិតផលប្លាស្ទិកបំពុលបរិស្ថាន។ ម៉ាសជាច្រើនបានរកឃើញនៅកោះ Soko នៅទីក្រុងហុងកុង។

ជារៀងរាល់ឆ្នាំមានប្លាស្ទិកប្រមាណ ៨ លានតោនបានហូរចូលទៅក្នុងមហាសមុទ្រដែលបន្ថែមទៅលើចំនួនដែលគេប៉ាន់ស្មានថាមាន ១៥០ លានតោននៅក្នុងបរិស្ថានសមុទ្ររួចស្រេចទៅហើយ។ ការសិក្សាមួយបានសិក្សាតែនៅប្រទេសអង់គ្លេសមួយ ប្រសិនជាមនុស្សម្នាក់ប្រើម៉ាសមួយក្នុងមួយថ្ងៃរយៈពេលមួយឆ្នាំ នោះនឹងបន្ថែម ៦៦ ០០០ តោននៃកាកសំណល់ពុល និង ៥៧ ០០០តោននៃប្លាស្ទិកចូលក្នុងសមុទ្រ។

អ្នកដឹកនាំ និងអ្នកនយោបាយសុទ្ធតែដឹងពីបញ្ហានេះ ដែលជាបញ្ហាត្រូវមានការដោះស្រាយ។ លោក Zac Goldsmith មន្ត្រីក្រសួងបរិស្ថាន ស្បៀងអាហារ និងកិច្ចការជនបទនៅប្រទេសអង់គ្លេសបានលើកឡើងថាសេដ្ឋកិច្ចមហាសមុទ្រពឹងផ្អែកលើបរិស្ថានមហាសមុទ្រ។ ដូចនេះការព្យាយាមទប់ស្កាត់ការបំពុលដោយប្លាស្ទិកអាចជួយធ្វើឱ្យបរិស្ថានមហាសមុទ្រកាន់តែប្រសើរឡើង ទប់ស្កាត់ការប្រែប្រួលនៃអាកាសធាតុ ជួយដល់ជីវចម្រុះ និងកសាងជីវភាពប្រកបដោយនិរន្តរ៍ភាព។

កាកសំណល់ប្លាស្ទិកដែលប្រើតែម្ដងមិនមែនជាផលប៉ះពាល់តែមួយនៃជំងឺ COVID-19 មានទៅលើបរិស្ថានទេ។ ទោះបីជាអំឡុងពេលបិទទីក្រុងធ្វើឲ្យការបំភាយកាបូនមានការថយចុះជាបណ្ដោះអាសន្នដោយសារមានមនុស្សតិចនាក់ធ្វើដំណើរក៏ដោយ ស្របពេលជាមួយគ្នានេះក៏មានការបារម្ភថាជំងឺរាតត្បាតនេះអាចនឹងបង្វែរចំណាប់អារម្មណ៍របស់រដ្ឋាភិបាលនានាចេញឆ្ងាយពីបញ្ហាបរិស្ថាន។

ការបិទទីក្រុងបានធ្វើឲ្យមនុស្សជាច្រើននៅងាកមករកសេវាដឹកជញ្ជូនតាមការបញ្ជាទិញតាមអនឡាញ ហើយការណ៍នេះក៏បានធ្វើឱ្យកាកសំណល់ពីការវេចខ្ចប់ដោយសារការដឹកជញ្ជូនកាន់តែច្រើនជាងមុននិងកាកសំណល់វេជ្ជសាស្ត្រក៏ច្រើនដែរ។ ម៉្យាងទៀត ដោយសារមានការរឹតត្បិតនៃការនាំចេញនាំចូលធ្វើឱ្យបរិមាណអាហារជាច្រើនបានខូច និងក្លាយជាកាកសំណល់ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

លុះត្រាតែការជំរុញសេដ្ឋកិច្ចក៏ផ្ដោតលើបញ្ហាបរិស្ថានដែរ មិនដូច្នោះទេហានិភ័យនៃសកម្មភាពបំពុលដូចជាការសាងសង់ និងការផលិតនឹងមានការកើតឡើងភ្លាមៗដើម្បីស្តារសេដ្ឋកិច្ចពិភពលោកដែលទទួលរងការប៉ះពាល់ពី COVID-19។ ដូចនេះនៅពេលបណ្ដាប្រទេសនានារួចផុតពីជំងឺរាតត្បាតនេះនឹងត្រូវរកវិធីដើម្បីកសាងឡើងវិញ និងចាប់ផ្តើមឡើងវិញ។ ប៉ុន្តែគួរជ្រើសរើសវិធីណាដែលធានានូវនិរន្តរ៍ភាពរបស់បរិស្ថាននៅពេលធ្វើការសម្រេចចិត្ត និងស្តារសេដ្ឋកិច្ចឡើងវិញ៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម