Connect with us

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានថ្មើរជើងចំនួន ២៥កន្លែងទៀត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងកសាងស្ពានអាកាសថ្មើរជើងចំនួន ២៥កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ តែមិនទាន់ដឹងទីតាំង និងចាប់ផ្តើមកសាងនៅពេលណានៅឡើយទេ។ នេះបើតាមការឱ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ការផ្តល់ព័ត៌មានពីគម្រោងកសាងស្ពានអាកាសថ្មើរជើងទាំង ២៥បន្ថែមនេះ ក្នុងឱកាសដែលលោក ចុះទៅពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ខណៈស្ពានថ្មើជើងនេះ គ្រោងដាក់ឱ្យដំណើការក្នុងពេលឆាប់ៗនេះ។

លោក ឃួង ស្រេង ក៏បានឱ្យដឹងដែរថា កំណើនប្រជាជនក្នុងរាជធានីភ្នំពេញ បានកើនឡើងជាលំដាប់ ទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋ ដែលមកពីបណ្តាខេត្តនានា ដើម្បីធ្វើការ និងរកស៊ីនៅក្នុងរាជធានីភ្នំពេញ មានជាង ៣លាននាក់។ កត្តាកំណើនយានយន្ត និងប្រជាជន ទើបបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ស្ពានអាកាស ផ្លូវក្រោមដី-លើដី និងស្ពានអាកាសថ្មើជើងជាដើម ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ ខណៈស្ពានអាកាសថ្មើរជើង នៅផ្សារដើមគរ និងស្ពានអាកាសថ្មើរជើងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុក កសាងជិតរួច និងគ្រោងដាក់ឱ្យដំណើរការនៅពេលខាងឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន ៥កន្លែង រួមមាននៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យមានចំនួន២កន្លែង, តំបន់ភ្លើងស្តុបនាងគង្ហីង មាន ១កន្លែង, នៅមុខផ្សារដើមគរ មាន១កន្លែង និង នៅមុខសាលាបឋមសិក្សាសន្ធរម៉ុកមាន ១កន្លែង៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com