Connect with us

ចូលរួមត្រេកអរផង! ពលរដ្ឋខ្មែរ ២១២នាក់ បានត្រឡប់មកកម្ពុជា ប្រកបដោយស្នាមញញឹម

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ ដែលបានជាប់គាំងនៅក្នុងប្រទេសម៉ាឡេស៊ី ចំនួន ២១២នាក់ ដោយសារបញ្ហាកូវីដ-១៩ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយភាពសប្បាយរីករាយ នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។

ការត្រឡប់មកវិញនេះធ្វើឡើងបន្ទាប់ពីមានការសម្របសម្រួលអស់រយៈពេលមួយខែកន្លះ រវាងស្ថានទូតកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។

ការសម្រេចឱ្យពលរដ្ឋខ្មែរ អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីមានការអន្តរាគមន៍ពីសម្តេច ហ៊ុន សែន។ ពួកគេទាំងអស់ តម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល១៤ថ្ងៃទៀតនៅឯស្រុកកំណើតផងដែរ ពេលមកដលកម្ពុជា។ ការធ្វើបែបនេះ ដើម្បីឱ្យប្រាកដថា ពួកគេទាំងនោះ មិននាំចូលជំងឺកូវីដ-១៩ មកចម្លងដល់ប្រជាពលរដ្ឋនៅក្នុងស្រុក ដោយសារម៉ាឡេស៊ី ជាប្រទេសមានហានិភ័យខ្ពស់នៃវីរុសកូវីដ-១៩។

លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋកម្ពុជាចំនួន ២១២នាក់ វិលត្រឡប់ទៅកម្ពុជាវិញ នៅវេលាម៉ោង ០៤:៣០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ តាមជើងយន្តហោះលេខ MH762 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានចាកចេញពីទីក្រុងកូឡាឡាំពួរឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ហើយមកដល់នៅវេលាម៉ោង ១៧:២៥ ល្ងាច៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម