Connect with us

កម្ពុជាបានរងប៉ះពាល់ខាតបង់សេដ្ឋកិច្ចជាង ៤៨០លានដុល្លារក្នុងមួយឆ្នាំៗបណ្តាលមកពីកង្វះខាតអនាម័យប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ប្រទេសកម្ពុជាបានប៉ះពាល់ខាតបង់សេដ្ឋកិច្ចជាង ៤៨០លានដុល្លារក្នុងមួយឆ្នាំៗបណ្តាលមកពីកង្វះខាតអនាម័យប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់។


ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងនាពេលថ្មីៗនេះថា ពាក់ព័ន្ឋនឹងការអភិវឌ្ឍប្រព័ន្ធលូប្រឡាយ ពិតមានសារៈសំខាន់ណាស់ ព្រោះបញ្ហាប្រឈមធំបច្ចុប្បន្នក្នុងទីក្រុង គឺបញ្ហាទឹកកខ្វក់ ដែលជាបញ្ហាត្រូវដោះស្រាយជាបន្ទាន់។ ទឹកកខ្វក់អាចសម្លាប់មនុស្សយ៉ាងតិច ២លាននាក់ក្នុងមួយឆ្នាំៗក្នុងពិភពលោក។


បន្ថែមពីលើនេះឯកឧត្ត ក៏បានបញ្ជាក់ផងដែរថា កម្ពុជាមានការកើនឡើងជាលំដាប់នូវប្រជាជនបំលាស់ទីមករស់នៅតាមទីក្រុងជាមធ្យមកំណើនប្រមាណ ១៤០នាក់/ថ្ងៃ និងយោងតាមស្ថិតិឆ្នាំ២០១៣ មានប្រជាជនប្រហែល២១% រស់នៅក្នុងទីក្រុង ហើយចំនួននេះនឹងកើនឡើងពីរដងមុនឆ្នាំ២០៣០ ព្រមទាំងកំណើនសេដ្ឋកិច្ច៧%ជាមធ្យម និងភ្ញៀវទេសចរណ៍អន្តរជាតិកើនឡើងដល់ ៧លាននាក់/ឆ្នាំ នៅឆ្នាំ២០២០។ ឆ្លើយតបនឹងកំណើននេះ ការពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសជំនាញទាំងពីរកម្រឹតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិតជាចាំបាច់ដើម្បីទ្រទ្រង់ និងធានាដល់ដំណើរការកែលម្អបរិស្ថាន ក៏ដូចជាការអភិវឌ្ឍនៅរាជធានីភ្នំពេញនាពេលអនាគត។


កាលពីចុងខែមិថុនាកន្លងទៅនេះ សាលារាជធានីភ្នំពេញ បានរៀបចំពិធីចុះហត្ថលេខាត្រីភាគីលើ « គម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការគ្រប់គ្រងប្រព័ន្ធប្រឡាយលូនៅរាជធានីភ្នំពេញ » រវាងក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិប្រទេសជប៉ុន (JICA)។
តាមរយៈគម្រោងជំនួយសហប្រតិបត្តិការបច្ចេកទេសដែលមានរយៈពេល៤ឆ្នាំនេះ និងដើម្បីងាយស្រួលក្នុងការអនុវត្ត បានសម្រេចបង្កើត «គណៈកម្មការធិការសម្របសម្រួលរួម និងគណៈកម្មាធិការបច្ចេកទេស»៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម