Connect with us

Facebook នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចុចបិទការផ្សព្វផ្សាយទាក់ទងនឹងនយោបាយ

អាមេរិក៖ ក្រុមហ៊ុន Facebook នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការចុចបិទមុខងារផ្សព្វផ្សាយទាក់ទងនឹងនយោបាយ (Political ads)។ នេះបើយោងតាមការប្រកាសរបស់លោក Mark Zuckerberg នាយកប្រតិបត្តិរបស់ Facebook កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន Facebook រូបនេះ បានបញ្ជាក់ថា Facebook នឹងមិនឱ្យអ្នកប្រើប្រាស់ឃើញនូវការផ្សព្វផ្សាយទាក់ទងនឹងនយោបាយ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឡើយ ប្រសិនបើពួកគេមិនចង់ឃើញនោះ។ ប៉ុន្តែលោកបន្តថា Facebook នៅតែដាស់តឿនឱ្យអ្នកប្រើប្រាស់ ទៅធ្វើការបោះឆ្នោត។

អ្នកនាំពាក្យ Facebook បានបញ្ជាក់ថា មុខងារសម្រាប់បិទការផ្សព្វផ្សាយទាក់ទងនឹងនយោបាយ នឹងត្រូវបានអនុវត្តសម្រាប់អ្នកប្រើប្រាស់មួយចំនួន ចាប់ពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០តទៅ ហើយមុខងារនេះ នឹងទៅដល់ដៃអ្នកប្រើប្រាស់ Facebook ទាំងអស់ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ។

សូមជម្រាបថា អ្នកប្រើប្រាស់អាចបិទការផ្សព្វផ្សាយទាក់ទងនឹងនយោបាយ សង្គម និង បញ្ហាបោះឆ្នោត ដែលត្រូវបានបង្ហោះដោយបុគ្គលនយោបាយ និងស្ថាប័នពាក់ព័ន្ធនយោបាយ ដែលបានធ្វើការបង់ប្រាក់សម្រាប់ការផ្សព្វផ្សាយជូនទៅឱ្យ Facebook ៕

ប្រភព៖ NBCnews

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម