Connect with us

ការសិក្សា៖ ការចុចទឹកបង្គន់អាចធ្វើឱ្យវីរុស COVID-19 ខ្ចាយទៅក្នុងបរិយាកាស និងចម្លងទៅអ្នកផ្សេង

ការសិក្សាថ្មីមួយចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា បានបង្ហាញថា​ការចុចទឹកបង្គន់អាចជាចំណុចមួយនាំឱ្យមានការចម្លងជំងឺបង្កដោយវីរុស​ COVID-19 ទៅកាន់អ្នកប្រើប្រាស់បង្គន់ផ្សេងទៀត។

អ្នកស្រាវជ្រាវ​បានរកឃើញថា ការចុចទឹកបង្គន់អាចបង្កើតឱ្យមានតំណក់ទឹកតូចៗខ្ទាតទៅក្នុងខ្យល់អាកាសក្នុងកម្ពស់ជិត១ម៉ែត្រ។ តំណក់ទឹកតូចៗនេះ​អាចនៅក្នុងខ្យល់យូរគ្រប់គ្រាន់​ដែលអាចឱ្យអ្នកចូលបន្ទប់ទឹកបន្ទាប់​អាចស្រូបវីរុសចូលក្នុងប្រព័ន្ធផ្លូវដង្ហើមបាន ឬតោងលើផ្ទៃណាមួយក្នុងបន្ទប់ទឹក។

ការសិក្សាចេញផ្សាយនៅក្នុង Physics of Fluids បានបន្ថែមថា ​វីរុសកូរ៉ូណាថ្មីនេះ​មិនត្រឹមតែឆ្លងតាមតំណក់ទឹកចេញពីផ្លូវដង្ហើមទេ ប៉ុន្តែអាចចម្លងតាមរយៈលាមកដែលមានវីរុសដែរ។ ទោះយ៉ាងណា នៅពេលនេះអ្នកស្រាវជ្រាវ មិនទាន់ដឹងច្បាស់ថា​តើបង្គន់សាធារណៈ​អាចជាកន្លែងចម្លងវីរុស ឬយ៉ាងណាទេ ហើយអ្នកវិទ្យាសាស្ត្រ​ក៏បានជំរុញឱ្យពិចារណាឡើងវិញនៅកន្លែងដែលមានមនុស្សច្រើនប្រើរួមគ្នា។

វីរុសក្នុងខ្យល់អាកាសដែលបង្កដោយបង្គន់​គឺជាអ្វីដែលអ្នកវិទ្យាសាស្រ្ត​បានដឹងរួចទៅហើយ ប៉ុន្តែមនុស្សភាគច្រើនតែងមើលរំលង។ ជាទូទៅ វីរុសកូរ៉ូណាតែងមានក្នុងកោសិកាសួត និងប្រព័ន្ធផ្លូវដង្ហើមខាងលើ ប៉ុន្តែការសិក្សា​បានរកឃើញថា​វីរុសក៏អាចមានក្នុងកោសិកាធ្មួល (Receptor) ពោះវៀនតូចដែរ។ គេក៏បានរាយការណ៍ថា​អ្នកជំងឺមួយចំនួនមានរោគសញ្ញាដូចជារាករូស ចង្អោរ និងក្អួត។ ម៉្យាងទៀត អ្នកស្រាវជ្រាវ​ក៏បានរកឃើញបំណែកវីរុសក្នុងលាមកអ្នកជំងឺ និង​RNAរបស់វីរុសនៅលើចានបង្គន់ និងកន្លែងលាងដៃក្នុងបន្ទប់នៅដាច់ដោយឡែក​ក្នុងមន្ទីរពេទ្យដែរ។

បទពិសោធន៍នៃការចម្លងវីរុសកូរ៉ូណាផ្សេងៗបានបង្ហាញថា​ការឆ្លងតាមរយៈលាមកទៅកាន់ផ្លូវដង្ហើមពីមនុស្សម្នាក់ទៅម្នាក់មានល្បឿនលឿន។ កាលពីខែមីនា ឆ្នាំ២០០៣ មនុស្សជាង​៣០០នាក់​ស្នាក់នៅអាផាតមិនAmoy Gardensនៅទីក្រុងហុងកុង​បានឆ្លងជំងឺ SARSដែលចម្លងតាមលាមកតាមរយៈការធ្លាយប្រព័ន្ធលូ។ ការរក្សាបន្ទប់ទឹកឱ្យមានអនាម័យគ្រប់ពេលមិនមែនជារឿងងាយស្រួលទេ ជាពិសេសសម្រាប់បន្ទប់ទឹក​ដែលប្រើរួមគ្នា​នៅទីសាធារណៈ។ នៅពេលនេះ ទីក្រុងជាច្រើន​បានចាប់បើកដំណើរការភោជនីយដ្ឋាន ការិយាល័យ និងអាជីវកម្មផ្សេងៗ​ដែលមនុស្ស​ត្រូវប្រើបន្ទប់ទឹករួម។ អ្នកប្រើប្រាស់​ត្រូវពិចារណាលើហានិភ័យនៃការឆ្លង។
ប៉ុន្តែអ្នកប្រើប្រាស់អាចបង្ការការឆ្លងតាមរយៈបង្គន់បានយ៉ាងងាយស្រួលដោយបិទគម្របបង្គន់មុននឹងចុចទឹក។ ក្រោយពីចេញពីបន្ទប់ទឹក​ត្រូវលាងដៃឱ្យបានស្អាត។ សម្រាប់បង្គន់សាធារណៈ​ដែលមិនមានគម្របបង្គន់ អ្នកប្រើប្រាស់​មិនត្រូវយកដៃទៅប៉ះមុខ និងត្រូវបន្តពាក់ម៉ាសក្នុងបង្គន់ដើម្បីបង្ការការឆ្លង។

អ្នកជំនាញជាច្រើន​បានកំពុងពិចារណាលើការប្រើប្រាស់អំពូលពន្លឺអ៊ុលត្រាវីយ៉ូឡេ (ultraviolet) និងការបាញ់ទឹកសម្លាប់មេរោគដោយស្វ័យប្រវត្តិដើម្បីបង្ការការឆ្លង និងរក្សាបង្គន់សាធារណៈឱ្យបានស្អាតគ្រប់ពេល។ ម៉្យាងទៀត​ការសិក្សានេះ​ក៏បានចង្អុលបង្ហាញពីការត្រួតពិនិត្យលើប្រភពនៃការឆ្លងថ្មីដោយពិនិត្យលើសំណាកពីបង្គន់សាធារណៈជារៀងរាល់ថ្ងៃ ប្រសិនជាលទ្ធផលវិជ្ជមាន នោះអាចនឹងតាមរកអ្នកគ្រប់គ្នាដែលបានប្រើប្រាស់បង្គន់នោះដែលល្អជាងការធ្វើតេស្ដមនុស្សគ្រប់គ្នាគ្រប់ពេល៕

ប្រភព៖ Hello Krupet

Loading...

ពេញនិយម