Connect with us

ច្បាស់ហើយ គូប្រកួតរបស់ក្រុមគោព្រៃជំទង់កម្ពុជានៅពានរង្វាន់ AFC U-19 Championship 2020

ម៉ាឡេស៊ី៖ ការចាប់ឆ្នោតផ្លូវការណ៍នៃការប្រកួតពានរង្វាន់ប្រចាំទ្វីបអាស៊ី អាយុក្រោម ១៩ឆ្នាំ ត្រូវបានបញ្ចប់នៅមុននេះបន្តិច ដោយក្រុមជម្រើសជាតិកម្ពុជា U-19 ស្ថិតនៅពូល A ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ អ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់។

ក្រុមជម្រើសជាតិសាធារណរដ្ឋកូរ៉េ ដែលជាក្រុមជោគជ័យជាងគេក្នុងពានរង្វាន់មួយនេះ ដោយធ្លាប់ឈ្នះពានចំនួន ១២ដង និងជាជើងឯករងកាលពីឆ្នាំ២០១៨ ត្រូវបានចាប់ឆ្នោតស្ថិតនៅក្នុងពូល B ជាមួយជប៉ុន អ៊ីរ៉ាក់ និងបារ៉ែន។

អារ៉ាប់ប៊ីសាអូឌីត ដែលជាជើងឯកចាស់ នឹងត្រូវជួប អូស្ត្រាលី វៀតណាម និងឡាវ ក្នុងពូល C ។

ក្រុមខ្លាអាស៊ាន ម៉ាឡេស៊ី នឹងត្រូវជួបក្រុមខ្លាំងដូចជាកាតា តាហ្ស៊ីគីស្ថាន និងយេម៉ែនក្នុងពូល D ។

ព្រឹត្តិការណ៍ AFC U-19 Championship អ៊ូសបេគីស្ថានឆ្នាំ ២០២០នេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៤-៣១ ខែតុលាខាងមុខនេះ ចំណែកក្រុមកំពូលទាំងបួននឹងមានសិទ្ធិចូលរួមប្រកួត FIFA U-20 World Cup Indonesia 2021។

សូមបញ្ជាក់ផងដែរថា ការចាប់ឆ្នោតចាប់ពូលនេះ គឺមិនមានការចូលរួមពីសមាជិកនៃប្រទេសនីមួយៗឡើយ ដោយសារការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕

អត្ថបទ៖ លីន រតនា

Loading...

ពេញនិយម