Connect with us

អង្គការសមាគមអភិរក្សសត្វព្រៃបន្តអភិរក្សសត្វទោចថ្ពាល់លឿង ១២០០ក្បាលនៅដែនជម្រកសត្វព្រៃកែវសីមា

ដែនជម្រកសត្វព្រៃកែវសីមាគឺជាទីជម្រកដ៏សំខាន់សម្រាប់សត្វទោចថ្ពាល់លឿងទាំងនៅប្រទេសកម្ពុជា និងសាកលលោក។ បច្ចុប្បន្នសត្វទោចថ្ពាល់លឿងប្រមាណជាង១២០០ក្បាលកំពុងរស់នៅក្នុងតំបន់នោះ។ ក្រុមការងារស្រាវជ្រាវសត្វព្រៃរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឲ្យដឹងថា ចំនួនសត្វទោចថ្ពាល់លឿងនេះមានប្រហាក់ប្រហែលគ្នាធៀបនឹងឆ្នាំមុន ហើយគេរំពឹងថា នឹងមានការកើនឡើងទៀតទៅថ្ងៃខាងមុខបើប្រជាសហគមន៍ចូលរួមអភិរក្ស និងការពារតំបន់នេះពីការកាប់ឈើខុសច្បាប់ ការរុករានធ្វើដីកសិកម្ម និងការបរបាញ់ខុសច្បាប់។


សត្វទោចថ្ពាល់លឿងគឺជាប្រភេទសត្វរងគ្រោះជិតផុតពូជនៅលើសាកលលោកដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ គេប្រទះឃើញវត្ដមានរបស់ទោចថ្ពាល់លឿងរស់នៅតំ បន់ភាគខាងកើតទន្លេមេគង្គដូចជានៅភាគឦសាន្ដប្រទេសកម្ពុជា ប្រទេសវៀតណាមភាគខាងត្បូង និងភាគខាងត្បូងប្រទេសឡាវ។


លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមារបស់អង្គការ WCS បាននិយាយថា នេះជាដំណឹងល្អមួយក្រោយពីមានការតាមដានរកឃើញថាចំនួនរបស់សត្វទោចថ្ពាល់លឿងនៅដដែល។ សត្វទោចថ្ពាល់លឿងប្រមាណជាង ១២០០ក្បាលកំពុងរស់នៅក្នុងដែលជម្រកសត្វព្រៃកេវសីមា។ វាពិតជាមានសារៈសំខាន់ក្នុងការបន្តការអភិរក្សពួកវាដែលជាប្រភេតសត្វរងគ្រោះជិតផុតពូជលើសាកលលោក។


លោកបានបន្ថែមថា ចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះដោយសារការរុករានដីធ្វើកសិកម្ម និងការកាប់ឈើខុសច្បាប់។
សត្វទោសថ្ពាល់លឿងចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ ចិញ្ចឹមជីវិតដោយស៊ីស្លឹកឈើ និងផ្លែឈើជាចំណីអាហារ និងតែងតែបញ្ចេញសម្លេងឆ្លើយឆ្លងគ្នាបង្កើតជាចម្រៀងយ៉ាងគ្រលួចនាពេលព្រឹកព្រលឹម។

ភ្ញៀវទេសចរអាចមកទស្សនា និងស្តាប់សំនៀងដ៏ពីរោះរណ្តំរបស់សត្វទោចថ្ពាល់លឿងនៅជំរំ Jahoo Gibbon នៅសហគមន៍អេកូទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹងដែលមានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សត្វទោចឈ្មោលមានរោមពណ៌ខ្មៅ ហើយថ្ពាល់ទាំងសងខាងមានពណ៌លឿង ចំណែកសត្វទោចញីមានរោមពណ៌លឿងស្លាទុំ។ ពួកវាមានដៃជើងវែងៗ ហើយគ្មានកន្ទុយនោះទេ លើសពីនេះគេកម្រឃើញសត្វទោចចុះមកដីណាស់។ សត្វទោចថ្ពាល់លឿងជាទម្លាប់តែងតែរស់នៅជាក្រុមចាប់ពី ២ក្បាលទៅ ៥ក្បាល៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម