Connect with us

ពានរង្វាន់ Champions League នឹងដំណើរការនាទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់

អឺរ៉ុប៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Champions League ដែលត្រូវបានផ្អាកតាំងពីខែមីនាមកដោយសារ កូវីដ១៩នោះ នឹងបញ្ចប់វគ្គ៨ក្រុមចុងក្រោយ នាទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់ នៅខែសីហាខាងមុខនេះ។ នេះបើតាមការប្រកាសឱ្យដឹងពីសហព័ន្ធ UEFA។

វគ្គ៨ក្រុមចុងក្រោយ និងវគ្គ៤ក្រុមចុងក្រោយនឹងដំណើរការតែ១ជើងប៉ុណ្ណោះ ខណៈការប្រកួតធម្មតាគឺដំណើរការ២ជើង។ សម្រាប់វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៣ខែសីហា។

ការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ របស់ក្រុមចំនួន៤គូ នឹងនៅតែត្រូវលេង ដែលក្រុមទាំងនោះមាន Manchester City ប៉ះ Real Madrid, Bayern Munich ប៉ះ Chelsea, Juventus ប៉ះ Olympique Lyonnais និង Barcelona ត្រូវប៉ះ Napoli ដោយការប្រកួតនឹងដំណើរការនៅថ្ងៃទី ៧-៨ ខែសីហា។ ការដែលក្រុមទាំងនោះនៅតែត្រូវដំណើរការការប្រកួត ដ្បិត ក្រុមចំនួន៤គឺ Atletico Madrid, Paris St Germain, Atalanta និង RB Leipzig បានឆ្លងកាត់ការប្រកួតគ្រប់ទាំង២ជើង និងបានកក់កៅអីទៅវគ្គ៨ក្រុមរួចទៅហើយ មុនពេលដែលការប្រកួតត្រូវផ្អាក។

គម្រោងនេះ នឹងនាំឱ្យការប្រកួតដែលរអាក់រអួលនៅរដូវកាលនេះ នឹងអាចបញ្ចប់បានទាន់ពេលវេលា និងមានចំណាយតិចជាងមុនផងដែរ។

ទីក្រុង Istanbul ដែលត្រូវជាកន្លែងប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២០ នឹងត្រូវប្តូរទៅឆ្នាំ២០២១វិញ។

គម្រោងស្រដៀងគ្នា នឹងអាចនឹងត្រូវប្រើប្រាស់សម្រាប់ការប្រកួត ពានរង្វាន់ Europa League ផងដែរ៕

Loading...

ពេញនិយម