Connect with us

ផឹកទឹកស្លឹកគ្រៃជួយបំបាត់អាការៈឈឺចាប់ពេលមករដូវ និងគុណប្រយោជន៍ច្រើនទៀត

ក្រោយពីធ្វើការពេញមួយថ្ងៃ យើងអាចបន្ធូរអារម្មណ៍បានដោយផឹកទឹកស្លឹកគ្រៃ។ ក្រៅពីបន្ធូរអារម្មណ៍ ទឹកស្លឹកគ្រៃក៏មានប្រយោជន៍ច្រើនដល់សុខភាពដែរ។

របៀបធ្វើទឹកស្លឹកគ្រៃ

យើងគ្រាន់តែហាន់ស្លឹកគ្រៃដាក់ក្នុងទឹក ដាំឱ្យពុះ និងទុកចោលឱ្យចេញជាតិ១០ទៅ១៥នាទី ឬយើងអាចយកស្លឹកគ្រៃដាក់ក្នុងប៉ាន់ និងឆុងដូចឆុងតែ ប៉ុន្តែត្រូវប្រាកដថាស្លឹកគ្រៃនឹងចេញជាតិល្អ។

ផលប្រយោជន៍សម្រាប់សុខភាព

១. បំបាត់អាការៈឈឺពោះពេលមករដូវ

ទឹកស្លឹកគ្រៃគឺមានប្រសិទ្ធភាពជួយបំបាត់អាការៈឈឺពោះពេលមានរដូវ ឬបញ្ហាអំឡុងពេលមករដូវ (HotFlashes) ជាដើម។

គួរបញ្ចាក់ផងដែរថា សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងផឹកទឹកស្លឹកគ្រៃ។ ដូចគ្នាដែរសម្រាប់ស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនវិញ គួរចៀសវាងផឹកទឹកស្លឹកគ្រៃនេះ។

២. សារធាតុប្រឆាំងអុកស៊ីតកម្ម

ស្លឹកគ្រៃសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបន្សាប និងបណ្ដេញជាតិពុលពីខាងក្នុងខ្លួនមកក្រៅ។

៣.រក្សាលំនឹងសម្ពាធឈាម

ស្លឹកគ្រៃមានប្រសិទ្ធភាពក្នុងការបញ្ចុះសម្ពាធឈាម ព្រោះស្លឹកគ្រៃសម្បូរដោយប៉ូតាស្យូមដែលអាចបង្កើនការផលិតទឹកនោមដែលនេះអាចជួយជំរុញចរន្តឈាម និងបញ្ចុះសម្ពាធឈាម។ ក្រៅពីនេះ ស្លឹកគ្រៃ ក៏ជួយសម្អាតថ្លើម និងកំណត់ការស្រួបយកកូលេស្តេរ៉ូលពីពោះវៀនតូចដែលនេះជួយដល់សុខភាពបេះដូងផងដែរ។

៤.ពន្លឿនការធ្វើមេតាបូលីស

ទឹកស្លឹកគ្រៃ គឺជាជម្រើសដ៏ល្អសម្រាប់ការសម្រកទម្ងន់ព្រោះវាជួយពន្លឿនការធ្វើមេតាបូលីសដែលធ្វើឱ្យការរំលាយអាហារលឿនជាងមុន និងដុតកាឡូរីបានច្រើនជាងមុន។ សារធាតុ polyphenol មានក្នុងស្លឹកគ្រៃអាចជួយបង្កើនថាមពល និងពង្រឹងការបំបែកអាស៊ីតខ្លាញ់ក្នុងរាងកាយ។

៥.ល្អសម្រាប់សក់ និងស្បែក

ស្លឹកគ្រៃ ជាប្រភពដ៏ល្អនៃវីតាមីន A និង វីតាមីន C ដែលជួយដល់ចរន្តឈាមឱ្យដើរស្រួល ហើយជួយសម្អាតស្បែក និងព្យាបាលបញ្ហាមុខខ្លាញ់។ បន្ថែមពីនេះនៅមានប្រសិទ្ធភាពព្យាបាលមុន និងជំងឺត្រអក (Eczema) ផងដែរ។

៦.ព្យាបាលជំងឺផ្ដាសាយ

សារធាតុប្រឆាំងបាក់តេរី និងផ្សិតមានក្នុងស្លឹកគ្រៃ ជួយយើងទប់ទល់នឹងជំងឺផ្ដាសាយ និងក្អកបាន។ ម៉្យាងទៀត វីតាមីន C នៅក្នុងស្លឹកគ្រៃ ក៏ពង្រឹងប្រព័ន្ធភាពស៊ាំដែរ។ យើងអាចដាំស្លឹកគ្រៃស្រស់ជាមួយនឹងផ្កាក្លាំពូ (cloves) រមៀត និងស្លឹកតែបាន។ ទឹកនេះដែលមានប្រសិទ្ធភាពបំបាត់ស្លេស្ម។

៧.ប្រព័ន្ធរំលាយអាហារ

ស្លឹកគ្រៃ មានប្រសិទ្ធភាព ក្នុងការបញ្ចុះកម្ដៅដែលជួយសម្រួលដល់ក្រពះ និងមុខងារប្រព័ន្ធរំលាយអាហារ។ ស្លឹកគ្រៃ មានផ្ទុកសារធាតុ citral ដែលជួយដល់ការរំលាយអាហារ។ ហេតុនេះហើយទើបគេណែនាំឱ្យផឹក ក្រោយអាហារពេលល្ងាច។ ស្លឹកគ្រៃ ក៏ត្រូវបានគេប្រើយូរណាស់មកហើយ ដើម្បីព្យាបាលអាការៈហើមពោះ ទល់លាមក ឬមានបញ្ហាក្នុងការរំលាយអាហារជាដើម៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម