Connect with us

ភ្នំក្រវាញខាងត្បូង បង្កប់សម្រស់ធម្មជាតិជាច្រើនកន្លែង ទន្ទឹងរង់ចាំភ្ញៀវទៅលេងកម្សាន្ត

កោះកុង៖ ភ្នំក្រវាញខាងត្បូង ជាជម្រកធម្មជាតិដ៏ធំមួយដែលមានសោភណ្ឌភាពល្អឯក ជីវចម្រុះសម្បូរបែប និងក្រឡ មឈូសបុរាណ អាយុកាលរាប់រយឆ្នាំ។ ភ្នំក្រវាញខាងត្បូង ជាតំបន់ដែលមានសម្រស់ធម្មជាតិពិសេស រួមមាន៖

១- ទេសភាព សមុទ្រឈើ (ព្រៃស្រោង) និងខ្យល់អាកាសបរិសុទ្ធ
២- មាត់រណ្តៅភ្នំភ្លើងដែលសណ្ឋានដីមានលក្ខណៈស្តើងដូចដីស្រូប នៅបឹងម្លុច
និង៣- ទឹកធ្លាក់ច្រើនកន្លែង (ឆាយតាហ៊ីង ឆាយខ្ពស់ ឆាយជ្រៃ ជាដើម)។ ភ្ញៀវជាតិនិងអន្តរជាតិ និយមមកកម្សាន្តនៅ “ជីផាត” និង “ស្ទឹងអារ៉ែង”។

ភ្នំក្រវាញខាងត្បូង ជាជម្រកធម្មជាតិនៃសត្វព្រៃចំនួន ៥២ប្រភេទ (អង្គការអាយយូស៊ីអិន ចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែងពីការបាត់បង់នៅលើពិភពលោក) ដែលមានតម្លៃលេចធ្លោជាសាកល សម្រាប់អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស។ ស្ទឹងអារ៉ែងជាជម្រកដ៏ពិសេសសម្រាប់សត្វក្រពើភ្នំ និងត្រីនាគ។

ភ្នំក្រវាញខាងត្បូង ជាទីតាំងបុរាណស្ថាន (អាចមានរាប់រយកន្លែង) ដែលមានក្រឡ ពាង និងមឈូសដាក់ធាតុមនុស្ស មានអាយុកាល ពី៤០០ ទៅ ៥០០ឆ្នាំ។ ស្ទឹងអារែង (មានសត្វក្រពើភ្នំ ត្រីនាគ និងទឹកធ្លាក់ឆាយតាហ៊ីង) និងតំបន់ជីផាត (មានក្រឡ ពាង និងមឈូសបុរាណ) ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង។

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យ លេខ៨៩ អនក្រ.បកសម្រេចឱ្យក្រសួងបរិស្ថានបង្កើត “ឧទ្យានជាតិជួរភ្នំ ក្រវាញខាងត្បូង” គ្របដណ្តប់ផ្ទៃដី ៤១៣៩២ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ សម្រាប់បម្រើប្រយោជន៍មនុស្សគ្រប់ជំនាន់។

ជនជាតិដើមភាគតិច “ជង” រស់នៅក្នុងតំបន់ភ្នំក្រវាញ មានវប្បធម៌ពិសេស ក្នុងការរក្សាធាតុ និងប្រារព្ធពិធីបុណ្យផ្សេងៗ ដូចជាពិធីសែនអារក្សក្រពើ ដើម្បីចាប់ត្រីនិងសុំសេចក្តីសុខ ពិធីសែនស្រូវ និងពិធីប្រពៃណីច្រើនទៀត។ អង្គការសម្ព័ន្ធភាពសត្វព្រៃ សហការយ៉ាងស្អិតរមួតជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារ និងអភិរក្សជីវចម្រុះនៅតំបន់នេះ៕

ប្រភព៖ ក្រសួងបរិស្ថាន

កែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com