Connect with us

“ក្រឡាហង្ស” ភាពយន្តថៃដែលអ្នកគាំទ្រគ្រឺតតួស្រីខ្លាំងដោយសារនាងដាច់ចិត្តស៊ីញេលែងលះស្វាមីដ៏ល្អ និងស្រវាបុរសអ្នកមានទ្រព្យស្តុកស្ដម្ភ  

កម្សាន្ត៖ រឿងភាគថៃ “ក្រឡាហង្ស” សាច់រឿងខុសប្លែកពីរឿងដទៃ ដែលរឿងកន្លងមកនិពន្ធឡើងឱ្យតួស្រីរងទុក្ខវេទនាផ្លូវចិត្តដោយសារដៃគូលួចផិតក្បត់។ ប៉ុន្តែបើក្រឡេកមើលសាច់រឿងក្នុងរឿងភាគ “ក្រឡាហង្ស” វិញបានតាក់តែងឡើងឱ្យតួស្រីទទួលបានស្វាមីល្អគ្រប់ដប់ ប៉ុន្តែបែរជានាងនៅតែមិនពេញចិត្តរហូតដល់ទាមទារលែងលះដើម្បីស្រវាអ្នកផ្សេងទៅវិញ។


 
នឹង ជាឈ្មោះតួឯកស្រីក្នុងរឿង “ក្រឡាហង្ស” ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាផេកផ្លូវការរបស់ CTN រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់ និង ៩យប់ ដែលអ្នកដែលបានទស្សនាបានបញ្ចេញប្រតិកម្មខ្លាំងៗទៅលើតួស្រី នឹង ដែលបានធ្វើបាបចិត្តស្វាមីខ្លួនទោះបីជាលោកខំប្រឹងធ្វើជំនួញដើម្បីឱ្យនាងបានរស់ក្នុងជីវភាពហ៊ឺហា ថែមទាំងមានចិត្តស្មោះត្រង់នឹងប្រពន្ធទៀតផង។
 

ទោះជាបានស្វាមីល្អយ៉ាងណា នឹង នៅតែមិនពេញចិត្តដោយបានបង្ខំសុំលែងលះដើម្បីទៅរួមរស់ជាមួយនឹងបុរសផ្សេងដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភ។ ប៉ុន្តែ ការរួមរស់ជាមួយគ្នានេះបានត្រឹមមួយរយៈប៉ុណ្ណោះក៏ចាប់ផ្តើមមានភាពរកាំរកូសដល់ថ្នាក់ស្វាមីក្រោយនាយ ឆាត ប្រើប្រាស់ហឹង្សាលើនាងផ្ទួនៗស្ទើរគ្មានលោះថ្ងៃ។


 
ក្រៅពីខ្លួនឯងកំពុងតែមានបញ្ហាជាមួយស្វាមីហើយ បើងាកទៅឪពុកក៏បានជាប់បំណុលជាន់ក ថែមទាំងប្អូនប្រុសស្រលាញ់ភេទដូចគ្នាទៀត។ ចង់ដឹងថា វាសនា នឹង ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីក្រោយដែលពូកែប្រចណ្ឌ ហួងហែងរហូតដល់ថ្នាក់ឃុំនាងឱ្យនៅតែផ្ទះ និងតែងប្រើហឹង្សាដាក់នាងនឹងក្លាយទៅជាយ៉ាងណា កុំភ្លេចតាមដានទស្សនារឿង “ក្រឡាហង្ស” ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕
 

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម