Connect with us

កូនឧស្សាហ៍រលាកបំពង់ក ជួបបញ្ហាអ្វីខ្លះ ក្រោយជាសះស្បើយ?

ជំងឺរលាកបំពង់ក ជាកង្វល់ធំរបស់ម៉ាក់ប៉ាគ្រប់គ្នាព្រោះវាបណ្ដាលឱ្យកូនមានអាការៈក្តៅខ្លួនខ្លាំង។ អាណាព្យាបាល ជាច្រើនមានចម្ងល់ថារលាកបំពង់កនេះ បណ្ដាលមកពី អ្វី? ការរលាកបំពង់កញឹកញាប់បែបនេះមានគ្រោះថ្នាក់ដែរ ឬ ទេ? ព្រោះមានទារក និង កុមារខ្លះរលាកបំពង់កញឹកញាប់រហូត ២ ឬ ៣ដង/ខែក៏មាន។

លោក វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និង រោគស្ត្រីបានឱ្យដឹងថា អាការៈរលាកបំពង់កជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាជាច្រើននៃជំងឺផ្ដាសាយដែលតែងតែធ្វើឱ្យកុមារមានកម្ដៅឡើង ខ្លាំងពី ៣៨-៤០ អង្សាសេ តឹងច្រមុះ ហៀរសម្បោរ ឈឺបំពង់ក និង ឆ្អឹងឆ្អែង ជាដើម។

១- រោគសញ្ញារលាកបំពង់ក

អាការៈ រលាកបំពង់ក កុមារច្រើនពិបាកក្នុងការបៅ ឬ ញ៉ាំ បរិភោគអាហារហើយកម្ដៅក្នុងខ្លួនឡើងខ្លាំងពី ៣៨-៤០អង្សាសេជាហេតុធ្វើឱ្យកុមារ ឡេះឡះ ហើយអាចបណ្ដាលឱ្យកុមារប្រកាច់ផងក៏មាន។ នៅពេលពិនិត្យដោយការបើកបំពង់កឃើញមានពណ៌ក្រហមខុសពីធម្មតាដែលជាសញ្ញានៃការរលាក។ ជាងនេះ ទៅទៀត កុមារអាចមានរោគសញ្ញាបន្ទាប់បន្សំមួយចំនួនដូចជា អាការៈឈឺក្បាល ធុំអាហារ ក្អួត អស់កម្លាំង ជាដើម ពេលខ្លះអាចទៅជារាករូសផងក៏មាន។

២- មូលហេតុរលាកបំពង់ក

រលាកបំពង់កអាចបណ្ដាលមកពីវីរុសពពួកបាក់តេរី និង ពពួកផ្សិតដែលរីករាលដាលដោយកង្វះអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ រួមមាន ការញ៉ាំអាហារមិនមានអនាម័យ កង្វះ អាហាររូបត្ថម្ភ កុមារលេងដីធ្វើឱ្យមេរោគងាយជ្រៀតចូលតាមរយៈដៃជើង និង សម្លៀកបំពាក់ជាដើម។

៣- វិធីព្យាបាលអាការៈរលាកបំពង់ក

ដើម្បីព្យាបាលការរលាកបំពង់ក ម៉ាក់ប៉ា ត្រូវព្យាបាលជំងឺផ្ដាសាយជាមុនសិន។ ចំពោះការព្យាបាលអាការៈរលាក បំពង់ក ឬក៏ ផ្ដាសាយចាំបាច់ត្រូវប្រើថ្នាំ បញ្ចុះកម្ដៅដើម្បីទប់ទល់កុំឱ្យកុមារប្រកាច់។ ម៉ាក់ប៉ា មិនត្រូវប្រើថ្នាំផ្តេសផ្ដាសដោយខ្លួនឯងឡើយ។ ថ្នាំដែលសមស្របបំផុតគឺប្រភេទ ប៉ារ៉ាសេតាម៉ុល ដោយប្រើទៅតាមកម្រិតអាយុ និង ទម្ងន់របស់កុមារព្រោះថាបើប្រើហួស កម្រិតធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម។ ជាងនេះទៅទៀត ម៉ាក់ប៉ា ត្រូវយក កន្សែង ឬ ក្រមាជ្រលក់ទឹកធម្មតាមកជូត ឬ ដណ្ដប់លើរាងកាយកុមារដើម្បីបន្ថយ កម្ដៅបានខ្លះ។

ចំណែកផលប៉ះពាល់នៃការរលាកបំពង់កអាចធ្វើឱ្យកុមារជួបប្រទះនឹងបញ្ហាមួយចំនួនក្រោយពេលជា ដូចជា អាចធ្វើឱ្យកុមារមិនស្រួលខ្លួន ក្ដៅខ្លួន រមាស់ នៅត្រង់បរិវេណក ពិបាកក្នុងការបៅ និង ទទួលទានអាហារជាហេតុនាំឱ្យកុមារប្រឈមមុខចំពោះការចុះ ស្គម និង កង្វះអាហារូបត្ថម្ភ។ អាការៈ ទាំងនេះអាចនឹងធូរស្រាលបន្ទាប់ពីកុមារ បានជាសះស្បើយត្រឹមត្រូវ។

វេជ្ជបណ្ឌិត រូបនោះបានបន្តទៀតអាការៈរលាកបំពង់ក អាចកើតឡើងសាជាថ្មី ប្រសិនបើការព្យាបាលមិនទាន់បានជាសះស្បើយត្រឹមត្រូវ។ លោក បន្ថែម ថានៅពេលអាការៈជំងឺទារក ឬ កុមារ ថយចុះម៉ាក់ប៉ាតែងតែបញ្ឈប់ការផ្ដល់ថ្នាំ ភ្លាមនេះជាការខុសឆ្គងព្រោះតាមពិតទៅ នៅរយៈពេលពីរ ឬ បី ថ្ងៃ ដំបូង មេរោគគ្រាន់តែសំងំមិនទាន់ងាប់នៅឡើយទេ ទាល់តែប្រើថ្នាំគ្រប់ចំនួន ទៅតាមវេជ្ជបញ្ជាទើបមេរោគត្រូវបាន សម្លាប់ទាំងស្រុង។ រីឯវិធីការពារ រលាក បំពង់កវិញគឺ ម៉ាក់ប៉ា ត្រូវការពារមូលហេតុដែលនាំឱ្យមានជំងឺផ្ដាសាយ ផងដែរ។ នៅពេលមានអាកាសធាតុត្រជាក់យើងត្រូវចាំបាច់ស្លៀកពាក់ឱ្យកុមារឱ្យបានជិតរាងកាយដោយពាក់អាវ ដៃវែង។ បើអាចគួរតែមានមួក ឬ ស្រោមដៃ ស្រោមជើង នោះរឹតតែ ប្រសើរ និងគ្របដណ្ដប់រាងកាយធ្វើយ៉ាងណាឱ្យរាងកាយបានកក់ក្តៅកុំឱ្យខ្លួនទទេ។ សូមព្យាយាមធ្វើអនាម័យ ដល់កូនឱ្យបានត្រឹមត្រូវ និង ទៀងទាត់ កុំដាក់ឱ្យកូនលេងដីផ្ទាល់ និង ផ្ដល់ចំណី អាហារឱ្យបានគ្រប់គ្រាន់។ សូម ចៀសវាងប្រភេទ ចំណី អាហារដែល ត្រជាក់ ក្លាស្សេ ឬ អាហារផ្អាប់ និង កុំឱ្យកូនផឹកទឹកកក៕

ប្រភព៖ Hellokrupet

កូនឧស្សាហ៍រលាកបំពង់កជួបបញ្ហាអ្វីខ្លះ ក្រោយជាសះស្បើយ?

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com