Connect with us

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹងកែប្រែមុខងារចំនួន៤ នៅពេលព្រលានថ្មីសាងសង់រួច

ភ្នំពេញ៖ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹងត្រូវកែប្រែមុខងារ នៅពេលដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅស្រុកកណ្ដាលស្ទឹង ស្រុកស្អាង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ ត្រូវបានសាងសង់រួចរាល់។

យោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល, ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹងមានមុខងារចំនួន ៤ នៅពេលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សាងសង់រួច៖ ទី១- ជាព្រលានយោធាកងទ័ព, ទី២- ការហោះហើរផ្ទៃក្នុង សម្រាប់ប្រជាជនកម្ពុជាអាចធ្វើដំណើរក្នុងស្រុកកាន់តែងាយស្រួល ទី៣- ប្រើសម្រាប់ការដឹកជញ្ជូនទំនិញខាងផ្លូវអាកាស (Cargo) និងទី៤- ប្រើសម្រាប់យន្តហោះឯកជន (Private Jet) គឺប្រទេសដែលខ្វះកន្លែងដាក់ អាចផ្ញើនៅមូលដ្ឋានព្រលានពោធិ៍ចិនតុង ឬសម្រាប់ការអញ្ជើញមកដល់នៃឥស្សរជនជាន់ខ្ពស់ ជាព្រះមហាក្សត្រ ប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រី មកទស្សនកិច្ចនៅកម្ពុជា។

សូមជម្រាបថា ដោយឡែក ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នឹងសាងសង់រួចរាល់ នៅឆ្នាំ២០២៣ តាមការគ្រោងទុក។ ព្រលានយន្តហោះខ្នាតយក្សនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១៥០០លានដុល្លារអាមេរិក ដោយត្រូវប្រើប្រាស់កម្មករជាង ២ម៉ឺននាក់ សម្រាប់ការសាងសង់ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣។ បច្ចុប្បន្នសម្រេច ៣០ភាគរយហើយ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម