Connect with us

អាជីវករខ្មែរ នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅពិនិត្យទំនិញ នៅផ្សាររុងក្លឿក្នុងទឹកដីថៃ បានវិញហើយ

បន្ទាយមានជ័យ៖ អាជីវករខ្មែរ នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅផ្សាររុងក្លឿ ក្នុងទឹកដីថៃ ដើម្បីពិនិត្យទំនិញ និងដឹកទំនិញមកវិញ តាមរយៈរថយន្តចំនួន ៥០គ្រឿង ក្នុង១គ្រឿង មានមនុស្ស ២នាក់ ដោយមានការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឱ្យមានការចូលទៅលក់ដូរនោះទេ។

ការអនុញ្ញាតដូច្នេះ បានធ្វើឡើងនៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ បន្ទាប់ពីលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយលោក វរ៉ាផាន់ សុវាណុន អភិបាលខេត្តស្រះកែវ នៃប្រទេសថៃ តាមរយៈប្រព័ន្ធ Video Conference ពាក់ព័ន្ធការបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក។

បើតាមលទ្ធផលនៃកិច្ចពិភាក្សា រយៈពេលនៃការចូលទៅផ្សាររុងក្លឿនោះ គឺចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ ម៉ោង ១រសៀល ចេញពីទឹកដីថៃមកវិញ។ ដោយឡែក កាលបរិច្ឆេទផ្លូវការនៃការអនុញ្ញាតឱ្យអាជីវករខ្មែរចូលទៅលក់ដូរនៅផ្សាររុងក្លឿ នៅមិនទាន់កំណត់នោះទេ ដោយរង់ចាំការជូនដំណឹងពីភាគីថៃ។

សម្រាប់ករណីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក គឺនៅបន្តបិទដដែល។ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរចេញមកពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ គឺមានការសម្របសម្រួលដោយរក្សាការឯកភាព ឱ្យចេញតាមច្រកអូរបីជាន់ដដែល៕

អត្ថបទ ប៊ុន ចាន់ថន

កែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com