Connect with us

មនុស្ស ៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារក្លិនផ្លែទុរេននៅអាល្លឺម៉ង់

អាល្លឺម៉ង់៖ បុគ្គលិកជាង ៦០ នាក់ត្រូវបានជម្លៀសចេញពីប៉ុស្ថិ៍ប្រៃសនីយ៍ និង ១២ នាក់មានអាការៈក្អួតចង្អោរ ដែលបញ្ហានេះបានកើតឡើងក្នុងក្រុង Bavarian ប្រទេសអាល្លឺម៉ង់ ដោយសារកញ្ចប់ឥវ៉ាន់មួយមានក្លិនចម្លែកដែលត្រូវធ្វើការពិនិត្យមើលដោយម៉ត់ចត់ជាទីបំផុត។ កញ្ចប់ឥវ៉ាន់នេះ បានបង្កការភ្ញាក់ផ្អើលដល់រថយន្តសង្គ្រោះចំនួន ៦ គ្រឿង រថយន្តសង្គ្រោះបន្ទាន់ចំនួន ២ គ្រឿង ថែមទាំងផ្នែកពន្លត់អគ្គិសភ័យចំនួន ៣ ផ្សេងទៀតឱ្យចុះទៅអន្តរាគមន៍ដល់កន្លែង។

ក្រោយធ្វើការពិនិត្យរួចទើបដឹងថា ក្នុងកញ្ចប់ដែលមានក្លិនចម្លែកនោះគឺជាផ្លែទុរេន ៤ ផ្លែដែលអ្នកស្រុកវ័យ ៥០ ឆ្នាំមួយរូបទទួលបានពីមិត្តភ័ក្តិនៅ Nuremberg។ គួរបញ្ជាក់ដែរថា ក្នុងចំណោមអ្នកក្អួតចង្អោរទាំង ១២ នាក់មាន ៦ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាល។

ទុរេន គឺជាផ្លែឈើដ៏ពេញនិយមក្នុងតំបន់អាស៊ី ទោះជាយ៉ាងណា នៅតាមបណ្តាប្រទេសជាច្រើន មិនអាចទទួលយកក្លិនវាបានឡើយ។ ហើយនេះក៏មិនមែនជាលើកទីមួយដែរ ដែលផ្លែឈើមួយនេះ បានបង្កការភ្ញាក់ផ្អើល។ ជាក់ស្តែងកាលពីឆ្នាំមុន បុគ្គលិកបណ្ណាល័យនៅសាកលវិទ្យាល័យ ខេបឺរ៉ា ប្រទេសអូស្ត្រាលី ត្រូវបានបង្ខំឱ្យចាកចេញពីអគារដោយសារការសង្ស័យមានលេចហ្គាស ប៉ុន្តែក្រោយការស្រាវជ្រាវទើបដឹងថាក្លិនគឺបានភាយចេញពីផ្លែទុរេន។

រីឯកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ផ្លែទុរេន បានធ្វើឱ្យជើងហោះហើរឥណ្ឌូណេស៊ីចុះចតទាំងមិនទាន់ដល់គោលដៅ ដោយសារអ្នកដំណើរបានធ្វើការត្អូញត្អែរពីក្លិនផ្លែទុរេនដែលបានភាយចេញពីឃ្លុបផ្ទុកឥវ៉ាន់៕

ប្រភព៖ CNN

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម