Connect with us

ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ា រួមគ្នាជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ធនាគារឯកទេសវីង និងធនាគារកាណាឌីយ៉ា បានព្រមព្រៀងធ្វើការរួមគ្នា ដើម្បីបំពេញចន្លោះខ្វះខាតសេវាហិរញ្ញវត្ថុនៅកម្ពុជា ដោយបានចុះកិច្ចព្រមព្រៀងរួមគ្នាមួយ ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូប អាចទទួលបានហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងលោកជំទាវ និងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ព្រមទាំងភ្ញៀវកិត្តិយស និងគណៈគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។

ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នា ដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជា គ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេ ទទួលបានសេវាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ “យើងមានឯកសិទ្ធិដែលថ្ងៃនេះ វីងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីស្វែងរកភាពជាដៃគូជាមួយធនាគារដែលមានវ័យចំណាស់ជាងគេ និងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុដ៏រឹងមាំ”។

លោក ម៉ានូ រ៉ាចាន់ បានបន្តថា៖ “វីងនៅតែងតែរក្សាចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងរហ័ស ដែលសម្រួលដល់លំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។ ភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា នឹងផ្តល់ជូនកាន់តែទូលំទូលាយនូវការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់រូប”។

វីងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរសព្ទចល័តឈានមុខគេមួយនៅកម្ពុជាដែលមានបណ្តាញភ្នាក់ងារវីង ជិត ៨០០០ កន្លែងទូទាំងប្រទេស ជាមួយកម្មវិធីវីងស្មាតហ្វូនវីងដ៏ទំនើប និងមានបណ្តាញដៃគូក្នុងស្រុក និងក្រៅស្រុកដ៏រឹងមាំ។

លោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា៖ “កិច្ចសហការនៅថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងទាក់ទងនឹងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុ និងបង្កើនការដាក់បញ្ចូលហិរញ្ញវត្ថុ និងសិទ្ធិអំណាចប្រើទៅដល់ប្រជាជនកម្ពុជា។ យើង នឹងនាំយកសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែជិតជាងមុនទៅដល់អតិថិជនរបស់យើងបច្ចុប្បន្ន មិនថានៅតំបន់ដាច់ស្រយាលក៏ដោយ”។

ធនាគារកាណាឌីយ៉ា បានឈរជើងនៅលើទីផ្សាយដោយជោគជ័យជិត ៣០ឆ្នាំក្នុងការផ្ដល់ជូននូវសេវាកម្មដ៏សម្បូរបែបទៅដល់អតិថិជនទាំងបុគ្គល និងសាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយបានពង្រីកទីផ្សាររបស់ខ្លួនទៅដល់ប្រទេសឡាវដែលជាប្រទេសជិតខាង។

ទាំងវីង និងធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជាដែលមានបំណងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ វីងត្រូវបានគេទទួលស្គាល់ បានបង្កើតភាពជាដៃគូយ៉ាងទូលំទូលាយជាមួយដៃគូពាណិជ្ជករជាង ៤០០០០ និងជាមួយក្រុមហ៊ុនសំខាន់ៗនៅក្នុងឧស្សាហកម្មរួមមាន៖ Mastercard, MoneyGram, AliPay, WeChat Pay and Western Union ជាដើម។ ភ្នាក់ងារវីងដែលត្រូវបានបណ្តុះបណ្តាលយ៉ាងជំនាញ បានកំពុងជួយសម្រួលផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជានៅគ្រប់ទិសទីកន្លែងនៃប្រទេសកម្ពុជាចាប់តាំងពីទីក្រុងរហូតដល់ភូមិដាច់ស្រយាល៕

Loading...

ពេញនិយម