Connect with us

ការចរចាដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០២១ ត្រូវបានសមាគមរោងចក្រកាត់ដេរកម្ពុជា ស្នើឱ្យផ្អាកសិន

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានស្នើភាគីពាក់ព័ន្ធ ផ្អាកជាបណ្តោះអាសន្នការចរចាប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់វិស័យវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០២១ ដោយសារវិស័យនេះ កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការរីករាលដាលនៃវីរុសកូវីដ-១៩ ហើយនឹងបើកការចរចារឡើងវិញ ហូតដល់ស្ថានភាពនៃវិស័យនេះមានភាពប្រក្រតីឡើងវិញ។

ក្នុងសេចក្តីថ្លែងការណ៍របស់ GMAC នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ GMAC ក៏បានលើកឡើងដែរថា ដោយស្ថិតក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩នេះ វិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង កំពុងមានភាពផុយស្រួយ និងមានភាពមិនច្បាស់លាស់ក្នុងការវិលត្រឡប់មករកសភាពការដើមវិញ ដោយត្រូវចំណាយពេលយូរ។ ម្យ៉ាងវិញទៀត ក្នុងពេលបច្ចុប្បន្ន រោងចក្រយ៉ាងច្រើនក្នុងវិស័យនេះ បាននិងកំពុងព្យួរការងារ និងមានរោងចក្រមួយចំនួនកំពុងបិទទ្វារ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាយល់ឃើញថា ការចរចាប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២១ខាងមុខនេះ គួរត្រូវបានពន្យារពេល។ ប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២០ គួរបន្តសុពលភាពអនុវត្ត។

សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០នេះ គឺ ១៩០ដុល្លារក្នុងមួយខែ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម