Connect with us

Tottenham Hotspur ឈ្នះជាលើកដំបូងក្នុងចំណោម៨ប្រកួត ក្រោយផ្តួល West Ham យប់មិញ

Premier League៖ ក្រុម Tottenham Hotspur បានស្គាល់ពាក្យថាឈ្នះជាលើកដំបូង ក្នុង៨ប្រកួតចុងក្រោយ នៅគ្រប់កម្មវិធី តាមរយៈការផ្តួលក្រុម West Ham United ក្នុងជំនួប Premier League សប្តាហ៍ទី៣១។

ការប្រកួតលើទីលាន Tottenham Hotspur Stadium នេះ ក្រុមលោក Jose Mourinho បានរកគ្រាប់បាល់បានដោយ Heung-Min Son នៅចុងវគ្គទី១ ប៉ុន្តែត្រូវបដិសេធវិញដោយ VAR។ យ៉ាងណា នៅវគ្គទី២ នាទី៦៤ ក្រុមម្ចាស់ផ្ទះនៅតែអាចបើកការនាំមុខបានដដែល ប៉ុន្តែមិនមែនជាការធ្វើបានពីកីឡាកររបស់ Spurs ឡើយ គឺជាបាល់ចូលទីខ្លួនឯងរបស់កីឡាករ Tomas Soucek។ កីឡាកររូបនេះគឺជាជនជាតិឆេកទី៤ហើយ ដែលភ្លាត់ឱ្យបាល់ចូលសំណាញ់ទីខ្លួនឯងនៅក្របខណ្ឌ Premier League។ ក្រុម West Ham ដឹកនាំដោយលោក David Moyes បានប្រឹងប្រែងតាមស៊ុតបញ្ចូលទីរបស់ក្រុម Spurs វិញដែរ តែមិនបានផល។ បន្តដល់ចុងម៉ោង នាទី៨២ ទើបមានបាល់ចូលទីទៀត គឺ Heung-Min Son បានចែកបាល់ឱ្យ Harry Kane ស៊ុតបញ្ចូលទីគ្រាប់ទី១៨របស់គេនៅរដូវកាលនេះ ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល ២-០។

នេះជាជ័យជម្នះលើកដំបូងរបស់ Tottenham Hotspur លើទឹកដីខ្លួនឯងនៅ Premier League ចាប់តាំងពីឈ្នះ Manchester City ៕

Loading...

ពេញនិយម