Connect with us

ប៉ាគីស្ថាន ដកហូតសិទ្ធិបើកយន្តហោះ ពីឡុតជាង១៥០នាក់ ដោយសារក្លែងបន្លំសញ្ញាបត្រ ឬលួចមើលពេលប្រឡង

ប៉ាគីស្ថាន៖ ក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន បានដកហូតសិទ្ធិមិនឱ្យពីឡុតប្រហែល ១៥០នាក់ បើកយន្តហោះទៀតឡើយ ព្រោះសង្ស័យក្លែងបន្លំសញ្ញាបត្រ ឬលួចមើលនៅពេលប្រឡង។

សេចក្ដីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន បានធ្វើឡើង បន្ទាប់ពីឧបទ្ទវហេតុធ្លាក់យន្តហោះមួយគ្រឿង កាលពីខែឧសភា ដែលបណ្ដាលឱ្យមនុស្ស ៩៨នាក់ស្លាប់ ហើយ ២នាក់ រួចផុតជីវិត។

ក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន មានពីឡុតសរុបចំនួន ៤២៦នាក់ ក្នុងនោះ ១៥០នាក់ នឹងត្រូវបញ្ឈរជើង បន្ទាប់ពីសភាប៉ាគីស្ថាន បានពិនិត្យលើរបាយការណ៍នៃការធ្លាក់យន្តហោះនៅក្រុងការ៉ាឈី កាលពីថ្ងៃទី២២ ខែឧសភា។ ជាលទ្ធផល គេបានរកឃើញភាពមិនប្រក្រតីក្នុងការប្រឡង និងចេញសញ្ញាបត្រសម្រាប់ពីឡុត។

របាយការណ៍ដដែលបន្តថា កាលពីឆ្នាំ២០១៩ ពីឡុតចំនួន ២៦២នាក់ ក្នុងចំណោម ៨៦០នាក់ ដែលកំពុងបម្រើការក្នុងវិស័យអាកាសចរណ៍ក្នុងប្រទេសប៉ាគីស្ថាន បានក្លែងបន្លំសញ្ញាបត្រ ឬលួចមើលពេលប្រឡង។

របាយការណ៍បឋម នៃការធ្លាក់យន្តហោះប្រភេទ A320 នៅក្រុងការ៉ាឈី បានបង្ហាញពីកំហុសបង្កដោយពីឡុត បាននិយាយឆ្លើយឆ្លងគ្នាពីបញ្ហាជំងឺកូវីដ១៩ ដែលនេះជាការមិនគោរពសញ្ញាព្រមាន យន្តហោះកំពុងហោះខ្ពស់ពេក និង ព្យាយាមចុះចតដោយមិនបានទម្លាក់កង់៕

ប្រភព៖ The Guardian

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម