Connect with us

អ្នកជំនាញ COVID-19 នៅស៊ុយអែតថា ការបិទទីក្រុង គឺជាសកម្មភាពឆ្កួត

លោក Anders Tegnell អ្នកជំនាញផ្នែកជំងឺឆ្លង និងអ្នករៀបយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺ COVID-19 នៅប្រទេសស៊ុយអែត បានលើកឡើងថាការបិទទីក្រុងទូទាំងពិភពលោក គឺជាសកម្មភាពឆ្កួតដែលគេជឿថាអាចទប់ស្កាត់ការរាតត្បាតបាន។

ហេតុផលដែលលោកប្រឆាំងការបិទទីក្រុង ដោយសារ COVID-19 មិនបាត់ទៅវិញក្នុងពេលឆាប់ៗទេ ដែលនេះមានន័យថាការបិទទីក្រុងនឹងមិនអាចដោះស្រាយការគំរាមកំហែងរយៈពេលវែងទេ ព្រោះការរាតត្បាត COVID-19 បានកើតមានម្ដងទៀតនៅតំបន់ជាច្រើនដែលអាជ្ញាធរគិតថាពួកគេបានទប់ស្កាត់ការរាតត្បាតនេះ ដូចជាទីក្រុងប៉េកាំងជាដើម។

អ្នកជំនាញផ្នែកជំងឺឆ្លងរបស់ស៊ុយអែតរូបនេះ បានណែនាំថា ការរឹតត្បិតការដើរហើរនេះ អាចផ្តល់ផលប៉ះពាល់ច្រើនរួមមាន ការកើនឡើងអំពើហិង្សាក្នុងគ្រួសារ ភាពឯកា និងការបាត់បង់ការងារ។ លោកក៏បានទទួលស្គាល់ថា ខ្លួនពិតជាមើលរំលងឥទ្ធិពលការឆ្លង COVID-19 នៅដំណាក់កាលដំបូងៗ ប៉ុន្តែបានបដិសេធលើការពិចារណាបោះបង់ចោលយុទ្ធសាស្ត្ររបស់ខ្លួន។
នៅប្រទេសស៊ុយអែត ជំនួសឱ្យការបិទសាលារៀន ហាងទំនិញ និងភោជនីយដ្ឋាន ភាគច្រើននៅតែបើកដំណើរការជាធម្មតា។

ចំណែកឯប្រជាជន ត្រូវបានលើកទឹកចិត្តឱ្យគោរពលើគោលការណ៍រក្សាគម្លាត។ ម៉្យាងទៀត អ្នកឯកទេសជំងឺឆ្លងរូបនេះ ក៏បានណែនាំប្រឆាំងការប្រើម៉ាសដែរ ដោយអះអាងថាមានភស្តុតាងវិទ្យាសាស្ត្រតិចតួចដែលអាចជឿជាក់បាន។

ការស្ទង់មតិបានបង្ហាញថា ប្រជាជនស៊ុយអែតបានបាត់បង់ជំនឿទៅលើប្រទេសខ្លួនក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតនេះដោយសារប្រទេសនេះ បានក្លាយជាប្រទេសមួយដែលមានអត្រាអ្នកស្លាប់ខ្ពស់។

យោងតាមទិន្នន័យសាកលវិទ្យាល័យ Johns Hopkins បើប្រៀបធៀបនឹងប្រទេសអ៊ីតាលីដែលមានអ្នកឆ្លង ២៣៩ ៤១០ ករណីមានអត្រាអ្នកស្លាប់ ៥៧,៤ នាក់ក្នុងចំណោម១០០ ០០០ នាក់ រីឯនៅប្រទេសស៊ុយអែតវិញមានអ្នកឆ្លងសរុប ៦២ ៣២៤ ករណីប៉ុណ្ណោះតែបែរជាមានអត្រាអ្នកស្លាប់រហូតដល់ ៥០,៧ នាក់ក្នុងចំណោម ១០០ ០០០នាក់។ គិតមកថ្ងៃនេះ ប្រទេសស៊ុយអែតមានអ្នកឆ្លងសរុប ៦២ ៣២៤ ករណី ក្នុងនោះអ្នកស្លាប់ ៥ ២០៩ នាក់ហើយ៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com