Connect with us

ធនាគារឯកទេសវីង និងអង្គការស្នាមញញឹមកម្ពុជា រួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ធនាគារឯកទេសវីង និងអង្គការស្នាមញញឹមកម្ពុជា បានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។

ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង និងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ដើម្បីផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហា ឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ តាមរយៈប្រព័ន្ធទំនាក់ទំនងរបស់ធនាគារឯកទេសវីងដោយរួមបញ្ចូល៖ បណ្តាញសង្គម គេហទំព័រ កម្មវិធីស្មាតហ្វូនវីង និងតាមរយៈភ្នាក់ងារវីងជាដើម។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ “មាត់គឺជាផ្នែកមួយដ៏សំខាន់នៃរាងកាយរបស់មនុស្ស។ ទោះបីជាយ៉ាងណាក្តី កុមារមួយចំនួនបានទទួលរងគ្រោះនៃបញ្ហាឆែបមាត់ដែលបណ្តាលឱ្យពួកគេពិបាកបរិភោគអាហារ ពិបាកធ្វើការទំនាក់ទំនង ​និងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ យើងដឹងពីការឈឺចាប់របស់ពួកគេ ហើយយើងមានគោលបំណងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងយុវជនកម្ពុជាដែលកំពុងរស់នៅជាមួយបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ”។

ក្នុងនាមជាធនាគារឯកទេសឈានមុខគេនៅកម្ពុជា វីងបានបញ្ជ្រាបនូវស្មារតីនៃការចូលរួមកិច្ចការសង្គមទៅដល់និយោជិក និងការប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេផងដែរ។ វីងបានប្តេជ្ញាធ្វើឱ្យប្រទេសកម្ពុជាកាន់តែល្អប្រសើរតាមគ្រប់វិធីទាំងអស់។ ហេតុដូចច្នេះហើយ កម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់វីង បានផ្តោតលើ អក្ខរកម្មហិរញ្ញវត្ថុ សុខភាពនិងសុវត្ថិភាព ការអភិវឌ្ឍន៍សហគមន៍ ការអប់រំ ក៏ដូចជាការពង្រឹងសមភាពយេនឌ័រជាដើម។

លោក ចាន់ កុកចយ នាយកប្រតិបត្តិ នៃអង្គការស្នាមញញឹមនៃកម្ពុជាបានមានប្រសាសន៍ថា៖ “ភាពជាដៃគូជាមួយធនាគារឯកទេសវីងនាថ្ងៃនេះ នឹងធ្វើឱ្យយើងអាចជួយដល់ប្រជាជនដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗកាន់តែច្រើនក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធទំនាក់ទំនងរបស់វីង។ យើងដឹងពីការឈឺចាប់របស់អ្នកជំងឺ ហើយយើងចង់ឱ្យជីវិតរបស់ពួកគេពោពេញទៅដោយស្នាមញញឹម និងប្រកបដោយទំនុកចិត្ត ។យើងចង់ព្យាបាលអ្នកជំងឺដែលមិនបានទទួលការវះកាត់មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ យើងនឹងរៀបចំប្រតិបត្ដិការវះកាត់នៅតាមខេត្ដផ្សេងៗដើម្បីព្យាបាល និងផ្ដល់ឱ្យពួកគេនូវអនាគតល្អប្រសើរ”។

បណ្តាអ្នកជំងឺដែលមានឆែបមាត់ មានភាពស្ទាក់ស្ទើរក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គមដែលបណ្តាលឱ្យពួកគាត់មានបញ្ហាផ្លូវចិត្ត និងអាកប្បកិរិយាផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៥ អង្គការស្នាមញញឹមកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបុព្វហេតុដ៏មានតម្លៃក្នុងការផ្តល់ជូនការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។

ក្នុងរយៈពេលជា៥ឆ្នាំមកនេះ អង្គការស្នាមញញឹមកម្ពុជា បានផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជម្ងឺប្រមាណ១៤០០នាក់ ដោយមានគាំទ្រពី Smile Asia, Rotary Club of LIkas Bay, Rotary Club of Lu Chou & I-LAN, Taiwan, Face to Face, USA, MdM, Australia, ជាដើម ដោយមានអ្នកស្ម័គ្រចិត្តក្នុងស្រុកជាង ៥០ នាក់រួមមាន៖ គ្រូពេទ្យវះកាត់ គ្រូពេទ្យឯកទេសខាងថ្នាំសន្តំ និងគិលានុបដ្ឋាយិកាជាដើម ដែលមានបទពិសោធន៍ល្អ និងបានគាំទ្រប្រតិបត្តិការវះកាត់។ ចាប់ពីពេលនេះតទៅភ្នាក់ងារវីងជិត៨០០០កន្លែងទូទាំងព្រះរាជាណាចក្រ នឹងចូលរួមផ្តល់នូវពន្លឺនៃជីវិតដល់កុមារទូទាំងព្រះរាជាណាចក្រកម្ពុជា៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com