Connect with us

តើយើងអាចទស្សនាអ្វីខ្លះ នៅតំបន់វាលធំ ក្នុងដែនឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី?

រតនគិរី៖ វាលធំ ជាតំបន់ធម្មជាតិដ៏ប្រណីត ដែលគ្រប ដណ្តប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចី នារដូវវស្សា និងពណ៌មាស នៅរដូវប្រាំង មានទំហំផ្ទៃដី ១០៣០ហិកតា។

យោងតាមការសិក្សាស្រាវជ្រាវ, គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី មកប្រកួតសម្រស់ធម្មជាតិវាលធំបានឡើយ។ វាលធំ ស្ថិតក្នុងឃុំកោះប៉ង ស្រុកវើនសៃ និង ឃុំតាវែងក្រោម ស្រុកតាវែង នៃឧទ្យានជាតិវីរៈជ័យ ទឹកដីខេត្តរតនគិរី ភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។

យើងអាចមើលទេសភាព ៣៦០ដឺក្រេ អាចមើលថ្ងៃលិច ថ្ងៃរះ ហើយវាជាគោលដៅទេសចរណ៍ សម្រាប់អ្នកដែលចូលចិត្តឡើងភ្នំគយគន់មើលទេសភាពធម្មជាតិពិតៗ។ បើអ្នកចង់ទៅទស្សនាសម្រស់ធម្មជាតិទាំងអស់នេះ គឺត្រូវធ្វើដំណើរចេញពីស្រុកតាវែង ទៅដល់វាលធំ ចម្ងាយផ្លូវ ៣២គីឡូម៉ែត្រ។ លោកអ្នក អាចជិះម៉ូតូដល់វាលធំក្នុងករណីអត់ភ្លៀង បើករណីមានភ្លៀងជិះម៉ូតូបាន ១៨គីឡូម៉ែត្រដល់ជើងភ្នំជីអីក ត្រូវដើរពីជើងភ្នំទៅវាលធំ ១៤គីឡូម៉ែត្រ។

សូមបញ្ជាក់ថា ឧទ្យានជាតិវីរៈជ័យ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យក្នុងឆ្នាំ១៩៩៣។ ឧទ្យាននេះ មានផ្ទៃដី ៣៣២.៥០០ហិកតា គ្របដណ្តប់ដោយព្រៃស្រោង ពាក់កណ្តាល ស្រោង និងព្រៃល្បោះ វាលស្មៅ។ ឧទ្យានជាតិវីរៈជ័យ ជាជម្រកធម្មជាតិយ៉ាងសំខាន់សម្រាប់សត្វស្លាប ២០០ប្រភេទ ថនិសត្វ ១៥ប្រភេទ ល្មូន ៣៥ប្រភេទ មច្ឆា ៣៧ប្រភេទ កណ្តូប ១៩ប្រភេទ ស្រមោច ៣០ប្រភេទ និងប្រភេទសត្វផ្សេងៗទៀត៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

កែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com