Connect with us

ជំងឺគ្រួសក្នុងតម្រងនោម(Kidney Stone/ Nephrolithiasis/Renal calculi)

១. អ្វីទៅជាគ្រួសតម្រងនោម?

  • និយាយឲ្យស្រួលស្តាប់ គឺមានវត្តមានគ្រួស ឬត្រូវបានរកឃើញគ្រួសនៅក្នុងប្រព័ន្ធតម្រងនោម។ គេអាចរកឃើញនៅក្នុងតម្រងនោម(Kidneys) បង្ហូរនោម(Ureters) ប្លោកនោម(Bladder) និងបង្ហូរនោមខាងក្រៅ(Urethra)។

ជំងឺគ្រួសក្នុងតម្រងនោម ជាប្រភេទជំងឺវះកាត់ ហើយភាគច្រើនកើតលើបុរសច្រើនជាងស្ត្រី ពិសេសវ័យ ២០ឆ្នាំ ទៅ៥០ឆ្នាំ។

២.មូលហេតុ ៖ តាមការសិក្សាកន្លងមកបានបង្ហាញឲ្យឃើញថា មិនមានមូលហេតុណាមួយជាក់លាក់ពិតប្រាកដនោះទេ គឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែយើងអាចដឹងពីកត្តាប្រឈម ឬកត្តាដែលនាំអោយកើតគ្រួសក្នុងតម្រងនោមបាន

  • កត្តាកង្វះជាតិទឹក
  • កត្តាបម្រែបម្រួល pH ក្នុងទឹកនោម (High pH: Calcium carbonate stone, Low pH uric acid stone)
  • កត្តាតម្រងនោម(បញ្ហាខ្សោយតម្រងនោម ឬតម្រងនោមមានជំងឺផ្សេងៗដែលធ្វើឲ្យត្បៀតផ្លូវបង្ហូរនោម ឬខ្សោយក្នុងការច្រោះបញ្ចេញចោល…)។
  • កត្តាមេតាបូលិសក្នុងរាង្គកាយរបស់យើងប្រែប្រួល : កើនឡើងជាតិអាសុីតយូរិច, Hyperparathyroidism, Renal tubular acidosis ។
  • កត្តាចំនីអាហារ ដែលជាកត្តាមួយរួមចំណែកធំក្នុងការបង្ករឲ្យមានគ្រួសក្នុងតម្រងនោម ដូចជា៖ អាហារដែលសំបូរទៅដោយជាតិព្យូរីន(ជាតិសាច់) ជាតិខ្លាញ់ និងកាល់ស្យូមខ្ពស់។
  • កត្តាខ្វះលំហាត់ប្រាណ ឬអ្នកអង្គុយយូរនៅមួយកន្លែង។

៣. រោគសញ្ញា ៖ ជាធម្មតាគ្រួសក្នុងតម្រងនោមវាមានប្រភេទខុសៗគ្នា ទាំងទំហំ និងបរិមាណ ហើយក៏មានទីតាំងនៃការឈឺចុកចាប់ក៏ខុសគ្នាដែរ។ អ្នកខ្លះឈឺនៅតំបន់ចង្កិះ អ្នកខ្លះទៀតឈឺនៅផ្នែកខ្នងខាងក្រោម និងមួយចំនួនធំឈឺនៅផ្នែកពោះផ្នែកខាងក្រោម ប៉ុន្តែអាការៈនៃការឈឺរបស់វាគឺឈឺខ្លាំងភ្លាមៗតែម្តងរហូតស្ទើរមិនអាចទ្រាំបាន ហើយឈឺខ្ទោកៗនៅពេលវាស្ទះ ហើយមានរយៈពេលរបស់វា ជួនកាលបាត់ទៅវិញ នោះគ្រូពេទ្យតែងលើកឡើងថា ប្រភេទជំងឺឈឺបាត់ឈឺបាត់។
#សញ្ញាដែលបន្ទាប់បន្សំ រួមមានដូចជា

  • ចង្អោរ ក្អួត
  • គ្រុនញាក់ និងក្តៅខ្លួន(បញ្ជាក់ថារលាក់ហើយ) ៣-ពិបាកនោម
  • នោមមានឈាម។ល។

៤. រោគវិនិច្ឆ័យ ៖ ដើម្បីធ្វើរោគវិនិច្ឆ័យគ្រូពេទ្យតែងតែសួរពីការឈឺចាប់ សួរប្រវត្តិនៃការឈឺ និងធ្វើ Physical Examinations: មើលស្ទាបគោះស្តាប់…

  • ថតកាំរស្មី(X-ray)
  • ឆ្លុះអុីកូ(Abdominal Ultrasound)
  • មើលកំហាប់ pH ក្នុងទឹកនោម(Urinalysis)
  • មើលឈាម ដើម្បីដឹងពីការរលាក់…

៥. វិធីព្យាបាល ៖ ប្រសិនបើលោកអ្នកមានអាការៈឈឺចាប់ដូចបានលើកឡើងខាងលើ ឬសង្ស័យថាមានគ្រួសក្នុងប្រព័ន្ធតម្រងនោម សូមលោកអ្នកជួបគ្រូពេទ្យដើម្បីពិគ្រោះ និងទៅមន្ទីរពេទ្យ ឬគ្លីនិកដែលនៅជិតលោកអ្នក។

  • លេបថ្នាំបំបាត់ការឈឺចុកចាប់ និងថ្នាំបំបាត់ការរលាក់(NSAIDs)
  • វះកាត់យកគ្រួសចេញ បើគ្រួសនោះមានទំហំធំ (> ៧មម) និងមានបរិមាណច្រើន។
  • យកចេញដោយម៉ាសុិនបច្ចេកវិទ្យាទំនើបបំបែកគ្រួស។

៦- វិធីការពារ៖

  • ពិសារទឹកអោយបានច្រើន ( ៣លីត្រក្នុង១ថ្ងៃ)
  • លំហាត់ប្រាណឲ្យបាន ១០នាទីរៀងរាល់ពេលព្រឹក និងពេលល្ងាច
  • កាត់បន្ថយពិសារអាហារដែលមានសារធាតុ កាល់ស្យូមខ្ពស់ ជាតិសាច់ និងជាតិខ្លាញ់ច្រើន។
  • ញ៉ាំផ្លែឈើដែលសប្បូរជាតិទឹក និងជាតិវីតាមីនសុី ដូចជា៖ បុិកួក ឪឡឹក ត្រសក់ ចេកទុំ ម្នាស់ និងទឹកក្រូចឆ្មារ។ល។
  • ឈឺបត់ជើងតូច សូមកុំទ្រាំយូរ!

ចំណាំ៖
ក្នុងរាង្គកាយរបស់មនុស្សយើងម្នាក់ៗតែងតែមានគ្រឿងការពាររួចទៅហើយ ប៉ុន្តែយើងទេដែលធ្វើបាបវា។ ឧទាហរណ៍៖នៅពេលរាង្គកាយយើងត្រូវការទឹកវាតែងឲ្យយើងស្រេកទឹក តែយើងមិនបានផឹកទឹក។

*របស់ ៣យ៉ាងមានពីធម្មជាតិនៅក្នុងខ្លួនដែលតែងតែជួយយើងមិនឲ្យកើតគ្រួសក្នុងតម្រងនោម៖

  • Crystal growth inhibiting substamces : កាត់ផ្តាច់ ម៉ាញ៉េស្យូម
  • partical retention: កុំឲ្យកកស្ទះ និងស្អិតជាប់គ្នា
  • Matrix: កុំឲ្យមានកៅស្អិត

ដោយ៖ លោក សុខ រ៉ាផុន សមាជិកសកម្មនៃសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងជានាយកប្រតិបត្តិនៃគ្លីនិកមិត្តភាពកំពង់ឆ្នាំង

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម