Connect with us

ដំណឹងល្អ! ការបើកសាលារៀនឡើងវិញ នឹងចាប់ផ្ដើមនៅខែសីហាខាងមុខនេះហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគ្នាអនុញាតឱ្យបើកសាលារៀនជាបណ្តើរៗឡើងវិញនៅក្នុងខែសីហាឆ្នាំ២០២០។ នេះបើតាមការឱ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានឱ្យដឹងថា ជាជំហានដំបូង ក្រសួង នឹងបើកសាកល្បងសាលាអន្តជាតិចំនួន ១៥ ដែលមានស្តង់ដារខ្ពស់ដូចជា សាលាភាសាជប៉ុន អង់គ្លេសអាមេរិកាំង និងបារាំងជាមុនសិន ដែលមានសិស្សប្រមាណ ២ម៉ឺននាក់។

ប៉ុន្តែមុននឹងបើកសាលានីមួយៗ ត្រូវដាក់ពាក្យស្នើសុំបើកសាលាឡើងវិញមកក្រសួង ដើម្បីឱ្យក្រុមការងារក្រសួងចុះវាយតម្លៃ និងពិនិត្យមើលសាលាទាំងនោះ ស្របតាមស្តង់ដារ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល មុននឹងឈានដល់ការចុះអនុស្សារណៈអនុញ្ញាតជាផ្លូវការ។

ម្យ៉ាងវិញទៀត សាលាទាំងនោះត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ក្រសួង ដូចជាត្រូវអនុវត្តរក្សាសុវត្ថិភាពគម្លាតសង្គម និងបុគ្គលដូចជាដាក់សិស្សក្នុង១ថ្នាក់ចំនួន ១៥នាក់ និងត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ ទាំងគ្រូទាំងសិស្សមុនចាប់ផ្តើមចូលរៀន។

ជាមួយគ្នានេះផងដែរ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាល ដោយដំណាក់កាលទី១ សាលារៀនមានស្តង់ដារសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនមានស្តង់ដារមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដារអប្បបរមា។

ក្រៅពីនេះក្រសួង កំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។

លោក រស់ សុវាចា បញ្ជាក់ថា ទោះជាពេលនេះមិនទាន់កំណត់ពេលជាក់លាក់ក៏ដោយ តែក្រសួងនឹងប្រកាសជាសាធារណៈពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។ ចំណែកឯ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឱ្យដំណាក់កាលទី១៕

Loading...

ពេញនិយម