Connect with us

តើមានចំណុចពិសេសអ្វីខ្លះ សម្រាប់ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ដែលនឹងប្រព្រឹត្តទៅក្នុង ទឹកដីខេត្តកោះកុង នាពាក់កណ្តាលខែធ្នូ ខាងមុខនេះ

កោះកុង ៖ ក្រសួងទេសចរណ៍ រួមនឹងស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរខេត្តកោះកុង កំពុងតែមមាញឹកក្នុងការរៀបចំសកម្មភាពនានា ដែលបម្រើដល់ពិធីបុណ្យសមុទ្រ ឆ្នាំ២០១៨ ។ ពិធីបុណ្យលើកទី ៧ ជុំទី២នេះ នឹងត្រូវរៀបចំឡើងនៅក្នុងទឹកដីខេត្តកោះកុង ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៨ ។


បើតាមការលើកឡើងពីឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអោយដឹងថា ពិធីបុណ្យសមុទ្រ ឆ្នាំ២០១៨នេះ មិនត្រឹមតែធ្វើឡើងនៅទីរួមខេត្តកោះកុងប៉ុណ្ណោះទេ ថែមទាំងនឹងត្រូវរៀបចំមួយផ្នែកទៀត នៅរមណីយដ្ឋានវិស្សមកាលតារាសាគរ ដែលមានទីតាំងនៅជាប់ឆ្នេរសមុទ្រ នៃស្រុកបទុមសាគរ ខេត្តកោះកុង ផងដែរ ។ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ពិធីបុណ្យសមុទ្រ នៅខេត្តកោះកុងលើកនេះ មានភាពពិសេសលើសពីលើកមុន នោះគឺមានទាំងការរៀបចំកម្មវិធីកម្សាន្តសប្បាយនានា នៅទីរួមខេត្តកោះកុងផង និង មានព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ សម្ដេចតេជោនាយករដ្ឋ មន្ត្រី ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រផងដែរ ។


ក្រៅពីនេះ ក៏មានរៀបចំនូវព្រឹត្តការណ៍រត់ប្រណាំងកម្សាន្ត កីឡា Triathlon កីឡាប្រណាំងកង់ កីឡាចំបាប់បុរាណ កីឡាប្រដាល់គុនខ្មែរ កីឡា Jet-Ski កីឡាទូកក្តោង Sailing ក្បួនព្យុះហយាត្រាផែនកីឡា ស្ដង់ពិព័រណ៍ កម្មវិធីដាំកូនឈើ ឆាកតន្ត្រី សិល្បៈ និងសិក្ខាសាលាជាដើម។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្ត និង មន្ទីរទេសចរណ៍ខេត្តកោះកុង ត្រូវខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព និង ពន្លឿនឱ្យទាន់ពេលបុណ្យសមុទ្រ ទាំងផ្នែកស្នាក់នៅ អនាម័យ គុណភាពចំណីអាហារ ពិសេសត្រូវយកចិត្តទុកដាក់លើបញ្ហាបង្គន់អនាម័យ បញ្ហាសំរាម ដាច់ខាត មិនត្រូវឱ្យមានសំរាម ឬ ក្រដាសក្រោមតុនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន។


ជាងនេះទៅទៀត ត្រូវរៀបចំខ្សែរទស្សនកិច្ចនៅតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ដូចជាជីផាត អារ៉ែង តាតៃ ពាមក្រសោបជាដើម។ ចំណែកបញ្ហាស្នាក់នៅ ភាគីកម្ពុជា ក៏បានសហការជាមួយភាគីថៃ ដើម្បីរៀបចំកន្លែងស្នាក់នៅជូនភ្ញៀវឱ្យបានគ្រប់គ្រាន់ ហើយភ្ញៀវទេសចរ ក៏អាចឆ្លងទៅទស្សនានៅខេត្តត្រាត ប្រទេសថៃបានផងដែរ ។ សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រឆ្នាំ ២០១៨នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» ។ កាលពីឆ្នាំ ២០១៧ មានភ្ញៀវទេសចរណ៍ប្រមាណជាង ៤០ម៉ឺននាក់ បាន ទៅលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រ ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ នៅក្នុងខេត្តកែប ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម