Connect with us

អ្នកនៅក្នុងវិស័យអាកាសចរណ៍ បង្ហើបពីស្ថានភាព អំឡុងវិបត្តិកូវីដ១៩នៅកម្ពុជា

ប្រទេសកម្ពុជា បានរកឃើញករណីអ្នកផ្ទុកជំងឺកូវីដ១៩ ទី១ ដែលជាករណីនាំចូល លើជនជាតិចិនឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ រហូតមកទល់ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ កម្ពុជា បានរកឃើញករណីអ្នកផ្ទុកជំងឺកូវីដ១៩ មានចំនួន ១៤១ករណី ក្នុងនោះជាសះស្បើយ ១៣១ករណី និងគ្មានស្លាប់ឡើយ។

កាលពីប៉ុន្មានខែមុន ខណៈបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ហាក់មានការរាតត្បាតនូវជំងឺកូវីដ១៩ ប្រទេសកម្ពុជាយើង មិនមានរកឃើញនូវការចម្លងរាតត្បាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដែលអាចចាត់ទុកថាជាការចម្លងក្នុងសហគមន៍នោះទេ។ ជាក់ស្ដែង ករណីអ្នកផ្ទុកជំងឺកូវីដ១៩ នៅកម្ពុជា ភាគច្រើន គឺជាករណីដែលនាំចូលពីក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរសុខាភិបាល យកចិត្តទុកដាក់អនុវត្តតាមសេចក្ដីណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩របស់ក្រសួងសុខាភិបាល។

នេះបង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃវិធានការដែលដាក់ចេញដោយក្រសួងសុខាភិបាល ដែលដាក់ម៉ាស៊ីនស្កេនវាស់កម្ដៅ នៅតាមច្រកព្រលានយន្តហោះអន្តរជាតិ ហើយអ្នកដំណើរ ដែលសង្ស័យ ត្រូវបានដាក់នៅដាច់ដោយឡែក នៅតាមមណ្ឌលចត្តាឡីស័ក ដែលត្រូវបានរៀបចំទុកជាមុន ដើម្បីការពារមិនឱ្យពួកគេ ធ្វើការចម្លងទៅកាន់ប្រជាជននៅក្នុងសហគមន៍ ដែលជាការព្រួយបារម្ភខ្លាំងបំផុត។

ដោយមើលឃើញពីការរាតត្បាតជាសាកល ដែលមានការរីករាលដាលខ្លាំង រាជរដ្ឋាភិបាល ក៏បានដាក់ចេញវិធានការដើម្បីបង្ការការនាំចូលជំងឺកូវីដ១៩ ដោយហាមឃាត់អ្នកដំណើរមកពីប្រទេសដែលមានការរាតត្បាតខ្លាំង ដូចជា សហរដ្ឋអាមេរិក អេស្ប៉ាញ បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអ៊ីរ៉ង់។ នេះបង្ហាញពីការត្រៀមខ្លួនទុកជាមុន ក្នុងការរាំងខ្ទប់មិនឱ្យមានការនាំចូលកាន់តែច្រើនមកកាន់សហគមន៍របស់យើង។

ជាការពិតណាស់ វិធានការនេះបានប៉ះពាល់ដល់វិស័យអាកាសចរ ដែលយើងមិនអាចតវ៉ាបាន។ បុគ្គលិកបម្រើការលើយន្តហោះដែលកំពុងបម្រើការឱ្យក្រុមហ៊ុនអាកាសចរណ៍មួយ ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យ MyTV Plus ដឹងពីបញ្ហាមួយចំនួនដែលខ្លួនបានជួបប្រទះ អំឡុងពេលដែលជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ដល់វិស័យអាកាសចរណ៍មួយនេះ។

ក្នុងតំណែងជា Senior cabin crew កញ្ញា ដែលមានវ័យ២៣ឆ្នាំ បានឱ្យដឹងថា៖ “នៅពេលដែលករណីទីមួយ ត្រូវបានរកឃើញនៅកម្ពុជា ពិតណាស់គ្រប់ៗគ្នាមានការភ័យខ្លាច ខ្ញុំមានការភ័យខ្លាច ប៉ុន្តែខ្ញុំមិនធ្លាប់គិតថា ចង់ឈប់ពីការងារក្នុងវិស័យហោះហើរនេះឡើយ”។

ខណៈករណីអ្នកផ្ទុកជំងឺកូវីដ១៩ថ្មី ចេះតែកើនឡើងមួយពីថ្ងៃទៅមួយថ្ងៃ ក្រុមគ្រួសាររបស់កញ្ញា បានជំរុញឱ្យកញ្ញាឈប់ពីការងារ ប៉ុន្តែគាត់មិនបានលាឈប់ឡើយ ព្រោះតែការស្រឡាញ់ចំពោះការងារមួយនេះ ដែលកញ្ញាបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧មកម្ល៉េះ។

បញ្ហាកូវីដ១៩ ពិតជាបានជះឥទ្ធិពលដល់ការហោះហើររបស់ក្រុមហ៊ុនដែលកញ្ញាកំពុងបម្រើការ។ កញ្ញាបានបញ្ជាក់ដូច្នេះថា៖ “ក្រុមហ៊ុន បានកាត់បន្ថយ និងផ្អាកជើងហោះហើរមួយចំនួន ដោយសារតែការដាក់កំហិតរបស់ព្រលានយន្តហោះ។ ប៉ុន្តែនៅតែប្រតិបត្តិការជើងហោះហើរដដែល គ្រាន់តែតិចជាងមុនច្រើន”។ កញ្ញាបានបញ្ជាក់ថា កូវីដ១៩ ពិតជាបង្កផលប៉ះពាល់ដល់អាជីព និងវិស័យអាកាសចរណ៍ទាំងមូល។

លោក Alain Brun នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ធ្លាប់បញ្ជាក់ប្រាប់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុងជំនួបពិភាក្សាមួយ ថា ទោះបីមាន ផលប៉ះពាល់ដោយកូវីដ១៩ ដោយមានការថយចុះ ចាប់តាំងពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២០ មានចំនួនធ្លាក់ចុះ នៃការហោះហើរ ចំនួន ៩៥% ក្តី ក៏ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅតែរក្សាចំនួនបុគ្គលិក ដែលមានចំនួនជិត ១៨០០ នាក់ដដែល ដោយមិនមានការកាត់បន្ថយបុគ្គលិកទេ។ ដោយគ្រាន់តែរក្សានូវបុគ្គលិកធ្វើការ តាមវិធីសាស្ត្របែងចែកការងារធ្វើការពេញម៉ោង និងបុគ្គលិកសម្រាកបណ្ដោះអាសន្ន ដោយកាត់ប្រាក់ខែតែ ២០% ចំពោះបុគ្គលិក ដែលមានប្រាក់ខែច្រើនជាង ៥០០ ដុល្លារ ក្នុង០១ខែ និងចំពោះបុគ្គលិក ដែលមានប្រាក់ខែចំនួន៥០០ដុល្លារចុះក្រោម គឺរក្សានៅដដែល។

ដោយឡែក លោក Zhao Wei ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនអាកាសចរណ៍ JC International Airlines បានឱ្យដឹងក្នុងជំនួបជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ថា បើទោះបីមានការលំបាកយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែធ្វើការហោះហើរដឹកអ្នកដំណើរដែលនៅជាប់គាំងក្នុងប្រទេសនានា តាមលទ្ធភាពក្នុងទម្រង់ជើងហោះហើរពាណិជ្ជកម្ម។ សកម្មភាពទាំងអស់នេះ ជាការចូលចំណែកយ៉ាងសកម្មក្នុងការបន្ថយការលំបាករបស់ប្រទេសកម្ពុជា និងជួយដឹកពលរដ្ឋខ្មែរមកកាន់មាតុប្រទេសវិញ។

សូមជម្រាបថា កាលពីខែមុន រាជរដ្ឋាភិបាលបានប្រកាសដកការហាមឃាត់អ្នកដំណើរចូលពីប្រទេសចំនួន៦ រួមមាន សហរដ្ឋអាមេរិក អេស្ប៉ាញ បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអ៊ីរ៉ង់ និងបានតម្រូវឱ្យជនបរទេសដែលចូលមកកម្ពុជា មានវិញ្ញាបនបត្របញ្ជាក់ ដែលចេញមិនលើសពី ៧២ម៉ោងមុនពេលហោះហើរ ហើយត្រូវមានការធានារ៉ាប់រងសុខភាពដែលមានតម្លៃ ៥ម៉ឺនដុល្លារ និងប្រាក់តម្កល់ ៣០០០ ដុល្លារដែលនឹងត្រូវបង់នៅពេលមកដល់កម្ពុជា អំឡុងពេលធ្វើចត្តាឡីស័ក ថ្លៃហូបចុក ថ្លៃព្យាបាល និងថ្លៃបូជាសពក្នុងករណីជនបរទេសនោះស្លាប់ដោយជំងឺកូវីដ១៩៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម