Connect with us

សិស្សឯកជន តម្រូវឱ្យប្រឡងឌីប្លូម និងបាក់ឌុប ក្នុងបន្ទប់រៀន ដោយសាលាជាអ្នករៀបចំផ្ទាល់

កម្ពុជា៖ គ្រឹះស្ថានសិក្សាឯកជន តម្រូវឱ្យរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងបន្ទប់ថ្នាក់រៀន ចំនួន ២ថ្ងៃ ហើយគ្រឹះស្ថានសិក្សាឯកជន ជាអ្នកចេញសញ្ញាបត្រដោយខ្លួនឯង ដែលមានការទទួលស្គាល់ពីក្រសួង។

ការឱ្យដឹងដូច្នេះ បានធ្វើឡើងនៅក្នុងលិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជននានា ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

លិខិតរបស់លោករដ្ឋមន្ត្រីអប់រំ បានបន្តថា គ្រឹះស្ថានសិក្សាឯកជន ត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកក្រសួងដើម្បីពិនិត្យ និងទទួលស្គាល់។ បន្ថែមពីនេះ សម្រាប់ការរៀបចំការប្រឡងនេះ គ្រឹះស្ថានសិក្សាឯកជន ត្រូវរៀបចំបន្ទប់ប្រឡង ដែលមានចំណុះ ត្រឹម ១០ ទៅ ១៥នាក់ ក្នុងមួយបន្ទប់ និងត្រូវធានាអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

សូមជម្រាបថា ចំពោះគ្រឹះស្ថានសិក្សារដ្ឋ (អនុវិទ្យាល័យរដ្ឋ និងវិទ្យាល័យរដ្ឋ) ក្រសួងមិនទាន់ចេញការណែនាំពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នោះឡើយ។

ដោយឡែក គ្រឹះស្ថានឧត្តមសិក្សាឯកជន (សាកលវិទ្យាល័យឯកជន) និងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ (សាកលវិទ្យាល័យរដ្ឋ) ដែលបង្រៀនតាមអនឡាញ ក៏ត្រូវរៀបចំការប្រឡងបញ្ចប់ឆ្នាំផងដែរ ដោយអនុវត្តដូចសេចក្ដីណែនាំខាងលើ។

គួរបញ្ជាក់ថា ការប្រឡងទាំងអស់ មិនមែនជាការប្រឡងតាមប្រព័ន្ធអនឡាញឡើយ ដោយសារតែគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងរដ្ឋ ទាំងឯកជន មិនអាចអនុវត្តតាមលក្ខណៈបច្ចេកទេស៕


អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម