Connect with us

កុំភ្លេចទៅចូលរួមទស្សនាពិព័រណ៌ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ ដែលរៀបចំ ឡើងនៅកោះពេជ្រ នាថ្ងៃទី ១១ ខែតុលា

ភ្នំពេញ ៖ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ (Cambodia Travel Mart= CTM) លើកទី២ ឆ្នាំ២០១៨នេះ នឹងត្រូវប្រារព្ធជាផ្លូវការណ៍ នៅថ្ងៃទី១១ ខែតុលា នៅកោះពេជ្រ រាជធានីភ្នំពេញ ។


បើតាម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា មកដល់ពេលនេះ មានស្ដង់ ប្រមាណ១៧៣ស្ដង់ហើយ ដែលសម្រេចចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយបើគិតទាំងប្រតិភូជាអ្នកទិញ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធដទៃទៀតផងនោះ ឃើញថា ពិព័រណ៌ លើកទី២ នឹងមានអ្នកចូលរួមច្រើនជាង លើកទី១ ដល់ទៅជិត ៥៦% ឯណោះ។ ឯកឧត្តម ក៏បានអោយដឹងថា ក្នុងចំណោមស្ដង់ផលិតផលទេសចរណ៍ទាំង១៧៣ស្ដង់ មានស្ដង់របស់ប្រត្តិបត្តិករទេសចរណ៍ក្នុងស្រុក ៧៦% និង ស្តង់របស់ដៃគូអន្តរជាតិ ២៤% ដែលសរុបជារួម មានការកើនឡើង ៥៥,៩% បើធៀបនឹងព្រឹត្តិការណ៍ លើកទី១ កាលពីឆ្នាំ២០១៧ នៅខេត្តសៀមរាប។


សម្រាប់ស្ដង់ក្នុងស្រុក នឹងមានការបង្ហាញពីផលិតផលទេសចរណ៍ជាច្រើន ដូចជា សណ្ឋាគារមានចំនួន ២០ស្ដង់ ភ្នាក់ងារ និងប្រតិបត្តិករទេសចរណ៍មានចំនួន ៣៥ស្ដង់ អាកាសចរណ៍មានចំនួន ១៨ស្ដង់ សហគមន៍មានចំនួន ៣ស្ដង់ និងរមណីយដ្ឋាន បញ្ជរទេសចរណ៍ និងផលិតផលទេសចរណ៍ដទៃ ២៦ស្ដង់។ សម្រាប់ដៃគូអន្តរជាតិ មានមកពី កូរ៉េ ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ចិន ឥណ្ឌូណេស៊ី ជាដើម។


ចំណែកប្រតិភូជាអ្នកទិញអន្តរជាតិ ដែលនឹងចូលរួមក្នុងពិព័រណ៍ លើកទី២ មានចំនួន ១០០នាក់ មកពី៦០ប្រទេស និងប្រព័ន្ធផ្សព្វផ្សាយមានសារព័ត៌មានចំនួន ២២នាក់ មកពី១៩ប្រទេស បើគិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលមានផលិតផលទេសចរណ៍ និងសេវាទេសចរណ៍ អញ្ជើញមកចូលរួមពិព័រណ៍អន្តរជាតិនេះបន្ថែមទៀត ដើម្បីបង្ហាញពីផលិតផលរបស់ខ្លួន ទៅកាន់ភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែទូលំទូលាយ ៕  

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម