Connect with us

កម្មវិធីស្មាតហ្វូនមួយ បន្លំឈ្មោះ TikTok ដើម្បីលួចរូបថតអ្នកប្រើប្រាស់

ភ្នំពេញ៖ យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្មវិធីលើស្មាតហ្វូន ដែលមានឈ្មោះថា “TikTok Pro” គឺជាប្រភេទមេរោគ Malware ដែលអាចឱ្យជនអនាមិក លួចយករូបថត ឯកសារ ទីតាំង និង Contacts នៅពេលអ្នកប្រើប្រាស់ព្យាយាមបើកកម្មវិធីនេះ ប៉ុន្តែវាមិនបានដំណើរការនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ប្រភពបន្តថា ទោះបីជាកម្មវិធីនេះ មិនមានដំណើរការក៏ដោយ ក៏វាយឺតពេលទៅហើយ ព្រោះមេរោគ malware ត្រូវបានដំឡើងចូលក្នុងទូរសព្ទ ដែលអាចលួចទាញយកទិន្នន័យ និងបង្ហាញសារដដែលៗ ដើម្បីឱ្យដំឡើងកម្មវិធីផ្សេងៗទៀតតែប៉ុណ្ណោះ។

កម្មវិធី “TikTok Pro” ត្រូវបានទាញយកតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Twitter និង WhatsApp ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំអ្នកប្រើប្រាស់ទាំងអស់ ចៀសវាងធ្វើការទាញយកកម្មវិធីមកប្រើប្រាស់ ដែលមិនមាននៅក្នុង Play Store ឬ App Store ព្រោះមិនអាចបញ្ជាក់បានថា តើកម្មវិធីទាំងនោះ ជាកម្មវិធីពិតប្រាកដ និងមិនមានបង្កប់មកជាមួយមេរោគ malware បានទេ។

សូមបញ្ជាក់ថា កម្មវិធី “TikTok Pro” និង “TikTok” គឺជាកម្មវិធីពីរផ្សេងគ្នា។ សម្រាប់ TikTok មានការនិយមប្រើប្រាស់ពីប្រជាជនកម្ពុជាមួយចំនួន ហើយក៏មានប្រជាជនមួយចំនួន មានការមិនពេញចិត្ត និងបានរិះគន់ទៅលើកម្មវិធីនេះដែរ ដោយសារតែមានក្មេងៗប្រើច្រើន ដែលធ្វើឱ្យខាតបង់ពេលវេលា ក៏ដូចជាប្រាក់កាស ព្រមទាំងទាក់ទងទៅនឹងសីលធម៌របស់ពួកគេ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com