Connect with us

ប្រសិនបើមិនទាន់បានចុះឈ្មោះបោះឆ្នោតទេ សូមកុំភ្លេចទៅចុះឈ្មោះក្នុងបញ្ជីរបោះឆ្នោត នៅតាមការិយាល័យនានា ដែលបានចាប់ផើ្តមបើកនៅថ្ងៃនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមបើកជាផ្លូវការណ៍ហើយ ដើម្បីធ្វើការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ សម្រាប់ពលរដ្ឋដែលទើបគ្រប់អាយុ ឬ ខកខាន មិនបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំមុន ។


ជាមួយនឹងការចាប់ផ្តើមបើកការិយាល័យនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំង ប្រទេស។ គ.ជ.ប ក៏បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ត្រូវទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយ នៅតាមសាលាឃុំសង្កាត់ ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។ ក្នុងករណីឈ្មោះ ឬ ទិន្នន័យរបស់ខ្លួនពុំត្រឹមត្រូវ ត្រូវស្នើសុំទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវ ទៅតាមឯកសារសំអាងច្បាស់លាស់ ។


ដោយឡែក សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះបោះឆ្នោតពីមុនមកប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គឺអ្នកដែលកើតមុន ឬ កើតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០១ និងប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬ ទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត តាមកម្មវិធីរបស់ក្រុមចុះឈ្មោះបោះឆ្នោត ទៅតាមឃុំសង្កាត់ ដែលកំពុងរស់នៅ។


គួររំលឹកថា កាលពីឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៥២៥,៤៥៩នាក់ហើយ ស្មើនឹងជាង ៣២ ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត។ ក្នុងនោះ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរ ដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង ១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម