Connect with us

អង្គការសុខភាពពិភពលោក ទទួលស្គាល់ថាវីរុសកូវីដ១៩ អាចមានលទ្ធភាពឆ្លងតាមខ្យល់

អន្តរជាតិ៖ អង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា វីរុសកូវីដ១៩អាចមានលទ្ធភាពឆ្លងតាមខ្យល់ ប៉ុន្តែបានប្រកាសថា ភស្ដុតាងដែលថាវីរុសនេះ អាចឆ្លងទៅមនុស្សតាមខ្យល់នោះ គឺទាមទារឱ្យមានការវាយតម្លៃបន្ថែមសិន។

ការប្រកាសរបស់អង្គការសុខភាពពិភពលោកនេះ បានធ្វើឡើង បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រដែលមានគ្នាចំនួន២៣៩នាក់មកពីប្រទេសចំនួន៣២ បានផ្ញើលិខិតចំហមួយទៅឱ្យទីភ្នាក់ងារសុខភាពមួយនេះ ដោយបង្ហាញភស្ដុតាងថា “វីរុសកូវីដ១៩ អាចឆ្លងតាមខ្យល់ដែលនេះមានន័យថា ភាគល្អិតរបស់វីរុសនេះ អាចអណ្ដែតវិលវល់នៅក្នុងខ្យល់ និង ឆ្លងទៅមនុស្ស នៅពេលដែលគេដកដង្ហើមស្រូបយកភាគល្អិតនោះចូលទៅក្នុងខ្លួន”។

កន្លងមក អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា វីរុស កូវីដ១៩ឆ្លងជាចម្បងតាមរយៈតំណក់ទឹកតូចៗដែលចេញពីច្រមុះ និងមាត់របស់អ្នកដែលផ្ទុកវីរុសនេះនៅពេលក្អក ឬកណ្ដាស់ ប៉ុន្តែតំណក់ទឹកទាំងនោះ ជ្រុះចេញពី ខ្យល់ទៅដីយ៉ាងឆាប់រហ័ស។

ប្រសិនបើ វីរុសកូវីដ១៩ អាចឆ្លងតាមខ្យល់មែននោះ ការគ្រប់គ្រងវីរុសនេះ នឹងពិបាក ។

វិធានការថ្មី ក្នុងការបង្ការវីរុសនេះ រួមមាន ដូចជាការពាក់ម៉ាស ក្នុងបរិវេណបិទជិត បើទោះបីជារក្សា គម្លាតពីគ្នាហើយក៏ដោយ ហើយបុគ្គលិកពេទ្យត្រូវពាក់ម៉ាស ប្រភេទN95ជា កំហិតដើម្បី ការពារតំណក់ទឹកតូចបំផុតដែលចេញពីផ្លូវដង្ហើមរបស់អ្នកជំងឺកូវីដ១៩៕

ប្រភព៖ CNC

កែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com