Connect with us

ឈ្វេងយល់អំពីសត្វត្រយង ដែលជិតផុតពូជនៅកម្ពុជា

ភ្នំពេញ៖ សត្វត្រយង ជាសត្វមួយនៃក្រុមប្រភេទសត្វស្លាបជិតផុតពូជក្នុងចំណោមទាំង៦ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសៀវភៅ “បក្សីកម្ពុជា រាជាណាចក្រមានបក្សីយក្ស” ដែលនិពន្ធដោយលោក មឿន ញាណ បានសរសេរថា សត្វត្រយង ចូលចិត្តរស់នៅតំបន់ព្រៃរបោះស្ងួត ដែលមានទីកន្លែងដីសើម ច្រើននៅតាមថ្លុក ត្រពាំង បឹងបួរ ព្រែកអូរ ស្ទឹង និងទន្លេជាដើម។ វាចូលចិត្តស៊ីចំណីពពួកសត្វអត់ឆ្អឹងកងដែលរស់នៅក្នុងភក់ដូចជា ខ្យង ជន្លេន ក្តាម និងកូនតូចនៃសត្វមានឆ្អឹងកងដូចជា កង្កែប អន្ទង់ និងត្រីជាដើម។ វាមានដំណើរយឺតៗ ស្ងៀមស្ងាត់ រកចំណីលើដី និងទំ លើដើមឈើដើម្បីសម្រាក ដេក ឬគេចពួនពីសត្រូវ។

ត្រយងយក្ស ជាប្រភេទបក្សីដែលទើបតែរកឃើញសាជាថ្មី នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីពិភពលោក បានប្រកាសអះអាងថា សត្វត្រយងផុតពូជពីភពផែនដីយើងទៅហើយនោះ។ ការរកឃើញថ្មីៗនៅខេត្តព្រះវិហារ គឺមានត្រយងមិនតិចជាង ១០០គូឡើយ ដែលជាតួលេខមួយច្រើនជាងគេបំផុតនៅក្នុងសាកលលោក។ ប្រទេសកម្ពុជា គឺជាប្រទេសទី១ ដែលបានផ្តល់រូបថតប្រភេទសត្វត្រយង នៅក្នុងធម្មជាតិមុនគេបង្អស់ លើសាកលលោកឱ្យទៅអង្គការអភិរក្សសត្វព្រៃរបស់ពិភពលោក។ ហើយកន្លងមករូបភាពសត្វត្រយងនេះ ត្រូវបានបោះពុម្ពផ្សាយនៅទូទាំងពិភពលោក ដោយទស្សនាវដ្ដី National Geographic Magazine របស់សហរដ្ឋអាមេរិក។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញអនុក្រឹត្យបង្កើតតំបន់អភិរក្សធនធានសេនេទិច និងសត្វព្រៃ នៅខេត្តព្រះវិហារ ហើយក៏ជាមូលហេតុនៃការអភិរក្សអម្បូរសត្វត្រយងនេះជាចម្បងផងដែរ។ វាជាសត្វជិតផុតពូជបំផុត ដែលអង្គការអភិរក្សសត្វព្រៃពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានា កំពុងមានចំណាប់អារម្មណ៍ ជួយផ្តល់ជំនួយការការពារថែរក្សាប្រភេទសត្វត្រយងឱ្យខាងតែបាន។

ម្យ៉ាងទៀតដោយសារតែវាមានសោភណភាព និងរូបរាងស្រស់ស្អាត ជាពិសេសទើបនឹងរកឃើញថ្មីៗផងនោះ សត្វត្រយង ក៏ក្លាយទៅជាបក្សីដែលទាក់ទាញបំផុតដល់អ្នកទេសចរ អ្នកនិយមការដើរទស្សនាចរណ៍បែបធម្មជាតិ និងមើលបក្សាបក្សី។

ប្រវត្តិរបស់សត្វត្រយង ត្រូវបានបុព្វបុរសខ្មែរសម័យបុរាណចងក្រងទុកជាហូរហែ ដូចជានៅក្នុងបទចម្រៀងប្រពៃណី ចម្រៀងប្រជាប្រិយ ឈ្មោះទីកន្លែង និងរឿងព្រេងផ្សេងៗជាដើម ហើយក៏បានឆ្លាក់ជារូបចម្លាក់នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត និងបាយ័នផងដែរ។ ហើយអ្វីដែលធ្វើឱ្យជនជាតិខ្មែរបានស្គាល់ និងកាន់តែចាប់អារម្មណ៍ លើសត្វត្រយង កាន់តែខ្លាំងផងនោះ គឺតាមរយៈបទចម្រៀងប្រជាប្រិយ បទ “ទទាយំឆ្លង ត្រយងយំឆ្លើយ” ដែលបានច្រៀងឡើងវិញដោយសិល្បការិនី ឈួន ម៉ាឡៃ និងសិល្បការិនី ម៉ៅ សារ៉េត កាលពីដើមទសវត្ស ១៩៦០។

បទចម្រៀង “ទទាយំឆ្លង ត្រយងយំឆ្លើយ” គឺនៅតែទទួលបានការពេញនិយមស្តាប់ពីសំណាក់ជនជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈ រហូតមកដល់បច្ចុប្បន្ននេះ ព្រោះដោយសារបទនេះមានលក្ខណៈពីរោះ លន្លង់លន្លោច អណ្តែតអណ្តូងដោយប្រៀបធៀបអំពីគូសង្សារមួយគូដែលបានឃ្លាតកាយឆ្ងាយពីគ្នា ប៉ុន្តែចិត្តរបស់ពួកគេ នៅតែនឹកអាល័យ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។

រីឯរឿងព្រេងទាក់ទងនឹង សត្វឪលើក ឬ ត្រយងយក្ស៖ កាលពីព្រេងនាយ មានព្រានព្រៃពីរនាក់ឪពុក និងកូនបានធ្វើដំណើរកាត់ព្រៃទៅរកបរបាញ់សត្វជាប្រក្រតី។ ថ្ងៃមួយជាចៃដន្យដើរៗទៅ ស្រាប់តែកូនព្រានព្រៃ បានដើរផុងជើងធ្លាក់ចូលក្នុងរូងដីដែលជាសំបុករបស់សត្វព្រលួតលាក់ (ប្រលួតលាក់) មួយសំបុកដ៏ធំ។

ខណៈនោះ ពពួកសត្វព្រលួតលាក់ដ៏មានពិស ក៏បាននាំគ្នាទិច-ខាំជើងកូនព្រាននោះ ធ្វើឱ្យវាឈឺចាប់យ៉ាងខ្លាំង ហើយក៏ភ្លាត់មាត់ស្រែកខ្លាំងៗថា “ឪលើកៗ” ក្នុងបំណងឱ្យឪពុកជួយលើកខ្លួនឱ្យផុតពីគ្រោះកាចនោះ។ រំពេចនោះព្រានជាឪពុក ក៏ស្ទុះទៅចាប់លើកកូនឡើងភ្លាម ប៉ុន្តែជាអកុសលជើងរបស់កូនព្រានបានហើមរលួយដាច់សុះសាច់អស់រលីង ដោយសារអំណាចពិសពុលរបស់ហ្វូងសត្វព្រលួតលាក់។ កូនព្រាន មានការឈឺចាប់ខ្លាំងជាពន់ពេក វានៅតែជាប់ភ្លាត់មាត់ស្រែកថា “ឪលើកៗ” រហូតដាច់ខ្យល់ស្លាប់បង់សង្ខារ។

ដោយអំណាចផលបុណ្យកុសលមិនល្អរបស់ព្រានព្រៃឪពុក និងកូន ដែលធ្លាប់តែដើរបរបាញ់សត្វនោះ លុះក្រោយពីកូនស្លាប់បាត់បង់ជីវិតពីមនុស្សលោកទៅ ព្រលឹងរបស់កូនព្រាននោះ ក៏បានទៅចាប់ជាតិជាសត្វបក្សីម្យ៉ាងដែលយើងស្គាល់ថា “ត្រយងយក្ស” ហើយវាតែងហើរដើរស្រែកយំឮសូរ “ឪលើកៗ” ជារហូតមក។

ហេតុដូច្នេះហើយ បានជាជនជាតិខ្មែរយើងមួយចំនួន និងជាពិសេសបងប្អូនជនជាតិកួយ និយមហៅបក្សីនេះថា “សត្វឪលើក”ៗ តាមសូរសំឡេងវាយំផង និងក៏ដើម្បីទុក ជាការរំឭកដល់រឿងព្រេងបុរាណនេះផង ហើយក៏ជាគតិដាស់តឿនក្រើនរំឭកដល់អ្នកផងទាំងពួង ឱ្យឈប់បរបាញ់សត្វ ព្រោះខ្លាចជាប់កម្មពារវេរា ទៅជាតិក្រោយ ដូចមានជាព័ស្តុតាងក្នុងរឿងនិទាននេះស្រាប់៕

ប្រភព៖ CNC

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com